ព័ត៌មានទាន់ហេតុការណ៍៖

David Abraham ផ្លាស់ពី Bundesliga ទៅកាន់អាហ្សង់ទីន ដើម្បីមើលថែរក្សាកូនប្រុសរបស់គាត់

ចែករំលែក៖

ខ្សែការពារ David Abraham បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយរបស់គាត់សម្រាប់ក្រុម Eintracht Frankfurt នៅលីគកំពូលអាល្លឺម៉ង់ Bundesliga មុនពេលគាត់ត្រឡប់ទៅស្រុកកំណើតវិញនៅប្រទេសអាហ្សង់ទីនដោយហេតុផលគ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Marca កាលពីថ្ងៃទី១៨ មករា។ ខ្សែការពារ និងជាប្រធានក្រុម Eintracht Frankfurt បានជួយឲ្យក្រុមទទួលបានជ័យជម្នះ ៣-១ ទៅលើក្រុម Schalke ដែលក្នុងនោះរាប់បញ្ចូលទាំង២គ្រាប់ពីកីឡាករខ្ចីជើងពីReal Madrid កីឡាករ Luka Jovic កាលពីថ្ងៃអាទិត្យ។

ខ្សែការពារកណ្តាលវ័យ៣៤ឆ្នាំរូបនេះបានវិលត្រឡប់ទៅស្រុកកំណើតវិញដើម្បីមានពេលវេលាមើលថែកូនប្រុសរបស់គាត់បន្ទាប់ពីស្នាក់នៅប្រទេសអាល្លឺម៉ង់អស់រយៈពេល៧ឆ្នាំ ។

David Abraham នឹងលេងឱ្យក្រុម Huracan de Chabas ក្នុង Liga Casildense ដែលជាលីគប្រចាំតំបន់ក្នុងប្រទេសអាហ្សង់ទីនដើម្បីនៅជាមួយក្រុមគ្រួសាររបស់គាត់។ កីឡាករ David Abraham បាននិយាយថា “ខ្ញុំបានចាកចេញពីស្រុកកំណើតរបស់ខ្ញុំនៅពេលខ្ញុំនៅជាក្មេងជំទង់។ ខ្ញុំបានធ្វើជាឪពុកអស់រយៈពេល៤ឆ្នាំកន្លះ ហើយខ្ញុំបានឃើញកូនប្រុសរបស់ខ្ញុំតិចតួចណាស់ ជាពិសេសចាប់តាំងពីកើតមានជំងឺរាតត្បាតកូវីដ-១៩។ គ្មានអ្វីអាចជំនួសពេលវេលានៃការមើលកូនប្រុសរបស់អ្នកធំឡើងនេះទេ”។

សូមបញ្ជាក់ថា កីឡាករ David Abraham បានវិលត្រឡប់ទៅអាហ្សង់ទីនវិញបន្ទាប់ពីអាជីពនៅអឺរ៉ុបដែលបានឃើញគាត់លេងឱ្យក្លិប Nastic និង Getafe នៅអេស្ប៉ាញ, ក្លិប Basel នៅប្រទេសស្វីស និង Hoffenheim និង Frankfurt នៅអាឡឺម៉ង់ ៕

ដោយ៖ភារៈ


ចែករំលែក៖