អន្តរជាតិ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា បានប្រកាសថា ថៃនឹងមិនប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ ដែលមិនមានសុវត្ថិភាពឡើយ ហើយវ៉ាក់សាំងដែលថៃនឹងប្រើ ត្រូវឆ្លងកាត់ការធ្វើតេស្តឱ្យចប់សព្វគ្រប់សិន។ មិនតែប៉ុណ្ណោះលោក ប្រាយុទ្ធ សង្កត់ធ្ងន់ថា៖ ប្រជាជនថៃ មិនមែនជាសត្វជ្រូកដែលត្រូវប្រើដើម្បីសាកល្បងប្រសិទ្ធភាពវ៉ាក់សាំងឡើយ។ជាក់ស្តែងក្នុងសំណេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៧ ខែមករានាយករដ្ឋមន្ត្រីថៃរូបនេះ បានបញ្ជាក់ថា សម្រាប់ប្រជាជនថៃ លោកនឹងមិនឲ្យមានបញ្ហាប្រឈមបែបនេះឡើយ។ លោក ប្រាយុទ្ធ ប្រកាន់ជំហរថា នឹងមិនសម្រេចចិត្តលឿនខ្ជីខ្ជាក្នុងការប្រើប្រាស់វ៉ាក់សាំងដែលមិនទាន់ត្រូវបានបញ្ចប់ការធ្វើតេស្តឡើយ ហើយក៏មិនអនុញ្ញាតឲ្យថៃក្លាយជាកន្លែងពិសោធន៍ដែរ។បេីតាមការបញ្ជក់ពីលោកនាយករដ្ឋមន្ត្រីថៃ ដែលចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ បាននិយាយថា៖«ជាការប្រុងប្រយ័ត្ន ខ្ញុំដាក់ចេញគោលនយោបាយសំខាន់មួយ គឺយើងត្រូវច្បាស់ថា វ៉ាក់សាំងត្រូវមានសុវត្ថិភាពមុនឲ្យប្រជាជនថៃប្រើប្រាស់»។សូមជម្រាបថា មកទល់ពេលនេះ ប្រទេសជាច្រើនហើយបានចាក់វ៉ាក់សាំងកូវីដកូវីដ-១៩ លើប្រជាជនខ្លួន។ ខណៈអ្នកទទួលវ៉ាក់សាំងភាគច្រើនមិនមែនបញ្ហា គេក៏ឃើញមានករណីប្រតិកម្មមួយចំនួនដែរនៅអាមេរិក និងចុងក្រោយនៅន័រវេសដែលមានអ្នកស្លាប់ដល់ទៅ២៣នាក់ក្រោយចាក់វ៉ាក់សាំងក្រុមហ៊ុន Pfizer រួច ហើយដែលសុទ្ធសឹងជាមនុស្សចាស់ជរា។ជាមួយនឹងផលប៉ះពាល់បែបនេះ នាយករដ្ឋមន្ត្រីថៃរូបនេះ អះអាងបន្ថែមថាថៃនឹងរង់ចាំមើលការវាយតម្លៃរបស់អ្នកជំនាញថា តើរឿងហេតុនេះកើតមកពីវ៉ាក់សាំងផ្ទាល់ ឬដោយសារកត្តាផ្សេងដូចជាអាយុ ឬជំងឺប្រចាំកាយរបស់អ្នកដែលចាក់វ៉ាក់សាំងទាំងនោះ? ប៉ុន្តែលោកប្រាយុទ្ធ បញ្ជាក់ថា រដ្ឋាភិបាលលោកនឹងមិនប្រើវ៉ាក់សាំងដែលមិនទាន់បញ្ចប់ការសាកល្បង ឬក៏ធ្វើដូចប្រទេសផ្សេងដែលប្រញាប់ផ្ដល់ការអនុញ្ញាតឲ្យវ៉ាក់សាំងដើម្បីការប្រើប្រាស់បន្ទាន់ដែរ។បេីតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត Tanarak Plipat នាយករងនាយកដ្ឋានជំងឺឆ្លងរបស់ថៃ ក៏បាននិយាយថា វ៉ាក់សាំងទាំងនេះ បានចុះបញ្ជីនៅអាមេរិក និងអង់គ្លេសដែលមាននីតិវិធីចុះបញ្ជីតឹងរ៉ឹង ។គួរបញ្ជាក់ថា ជាធម្មតា ការសាកល្បងវ៉ាក់សាំងមានបីដំណាក់កាល។វ៉ាក់សាំងកូវីដ-១៩ ដែលត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ដូចជា៖Pfizer, Moderna, AstraZeneca និង CoroVac ជាដើម សុទ្ធតែឆ្លងផុតដំណាក់កាលទាំងបី។ រដ្ឋាភិបាលថៃ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនAstraZeneca រួចហើយក្នុងការទិញវ៉ាក់សាំងចំនួន២៦លានដូស ហើយត្រៀមទិញ៣០លានដូសទៀត។ ថៃក៏មានកិច្ចព្រមព្រៀងទិញវ៉ាក់សាំងCoroVac របស់ចិនដែរ៕
ដោយ៖ស តារា