ព័ត៌មានទាន់ហេតុការណ៍៖

មិនតិចទេ!សមត្ថកិច្ចជំនាញ(ក ប ប)បន្តរកឃើញពពុះសណ្ដែកសារធាតុគីមី Borax ១៥គីឡូក្រាមនិងនំចំរុះ ចំនួន ១៧គីឡូក្រាម ខូចគុណភាព នៅផ្សារកំពង់ចកស្រុករំដួល

ចែករំលែក៖

     ខេត្តស្វាយរៀង៖ សមត្ថកិច្ចជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង(ក ប ប)បន្តរកឃើញពពុះសណ្ដែកសារធាតុគីមី  Borax និងនំចំរុះជាច្រើនគីឡូក្រាម ខូចគុណភាព នៅផ្សារកំពង់ចកស្ថិតនៅឃុំកំពង់ចកស្រុករំដួលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២១។

លោក ផឹង និល ប្រធានសាខា (ក ប ប) ខេត្តស្វាយរៀងបានអោយដឹងថាលោកបានសហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារនិងទំនិញវ៉ិចខ្ខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំងលក់ក្នុងផ្សារ កំពង់ចក ស្រុករំដួល ។

លោកបន្តថា មន្ត្រីរបស់លោកតែងតែចុះពិនិត្យមុខទំនិញគ្រប់ប្រភេទ ហើយការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងគោលបំណងធានាបានសុវត្ថិភាពម្ហូបអាហារ ជូនប្រជាពលរដ្ឋ និងលើកកម្ពស់សុខុមាភាពដល់ពួកគាត់ព្រោះវាមានសារសំខាន់ណាស់ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។

ហើយសកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគនៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន ២៦ គំរូ ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

លោកបន្តថាជាលទ្ធផលក្រោយការចុះអនុវត្តការងារ  មន្ត្រីជំនាញយើងបានរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជា ពពុះសណ្តែកចំនួន ១៥គីឡូក្រាម មានសារធាតុគីមី ( Borax ) ។
នំចំរុះចំនួន១៧គីឡូក្រាម( ខូចគុណភាព )
ហើយមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកមករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយបន្តទៀត ។

លោក ផឹង និល ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រុងប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើល​ស្លាកសញ្ញាកាលបរិច្ឆេទ​ឲ្យបានច្បាស់លាស់ មុន​ទិញយកទៅបរិភោគ ដើម្បីចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រី(ក ប ប )របស់លោក នឹងបន្តចុះ​ពិនិត្យទំនិញនៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានញឹកញាប់បន្ថែមទៀត។

ចំណែកអ្នកលក់​ដូរនៅផ្សារកំពង់ចកក៏បានយល់ព្រមបញ្ឈប់ការដាក់លក់ទំ​និញដែលខូចគុណភាព ហួសការបរិច្ឆេទប្រើប្រាស់ ព្រោះពួកគេទាំងអស់នោះ​បានយល់ដឹង នូវផលប៉ះ​ពាល់ដល់​សុខភាព នៅពេលដែលប្រើប្រាស់ទំ​និញដែលខូចគុណភាពផងដែរ៕ដោយ៖យឹម សុថាន


ចែករំលែក៖