អន្តរជាតិ៖ បេីយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យរដ្ឋអាជ្ញាម៉ិកស៊ិក បានបញ្ជាក់ថា រដ្ឋអាជ្ញានឹងមិនបន្តចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងលោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលត្រូវបានចាប់ខ្លួននៅសហរដ្ឋអាមេរិក ពីបទសហការជាមួយក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុត នៅប្រទេសម៉ិកស៊ិកទេ។
ជាក់ស្តែងសេចក្តីថ្លែងការណ៍ដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសន្និដ្ឋានចុងក្រោយដែលឈានដល់ការឯកភាពនោះ គឺថា លោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda មិនដែលមានជំនួបជាមួយក្រុមអង្គការឧក្រិដ្ឋកម្មដែលអាជ្ញាធរអាមេរិកស៊ើបអង្កេតទេ។ ហើយលោកក៏មិនដែលទាក់ទងជាមួយពួកគេ ក៏ដូចជាអនុវត្តសកម្មភាពដើម្បីការពារ ឬជួយដល់បុគ្គលទាំងនោះដែរ»។
លើសពីនេះសេចក្តីថ្លែងការណ៍និយាយថាគ្មានភស្តុតាងបញ្ជាក់ថា លោកCienfuegos មានប្រាក់ចំណូលខុសច្បាប់ឬគួរឱ្យសង្ស័យ ឬ «ថាគាត់បានបញ្ជាដើម្បីប្រយោជន៍ក្រុមឧក្រិដ្ឋជននោះ ក៏មិនមែនដែរ»។ រដ្ឋអាជ្ញាម៉ិចស៊ីកបានទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងលោកCienfuegos ទាំងស្រុង។
សូមជម្រាបថា អាជ្ញាធរអាមេរិក បានចាប់ខ្លួនលោក Salvador Cienfuegos សមាជិកអតីតរដ្ឋាភិបាលប្រធានាធិបតី Enrique Pena Nieto នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Los Angeles កាលពីខែតុលា។ ចំពោះការចាប់ខ្លួនលោក ក៏បានបង្កភាពតានតឹងផ្នែកការទូតរវាងប្រទេសទាំងពីរ។ បន្ទាប់មកនៅក្នុងខែវិច្ឆិកា លោក Cienfuegos ត្រូវបានបញ្ជូនទៅប្រទេសម៉ិចស៊ិក ដើម្បីកាត់ក្តីដែលអាចកើតមាន។
ដោយឡែកបេីតាមក្រុមមន្ត្រីម៉ិកស៊ិក ក៏បាននិយាយថា លោកCienfuegos បានបង្ហាញភស្តុតាងក្នុងរយៈពេល៥ថ្ងៃ ដែលបដិសេធទាំងស្រុងនូវការអះអាងរបស់សហរដ្ឋអាមេរិក។
ប៉ុន្តែលោក Mike Vigil អតីតប្រធានរដ្ឋបាលអាមេរិកប្រឆាំងគ្រឿងញៀនផ្នែកសហប្រតិបត្តិការអន្តរជាតិ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ម៉ិកស៊ិកឈ្មោះ Milenio ថា «នេះគឺជាស្លាកស្នាមទុរយសនៅក្នុងប្រព័ន្ធយុត្តិធម៌ម៉ិកស៊ិក»៕ដោយ៖ស តារា
រូបភាព៖លោកឧត្តមសេនីយ៍ Salvador Cienfuegos Zepeda អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ