អន្តរជាតិ៖ អ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ី លោក Alexei Navalny បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនធ្វើបាតុកម្ម បន្ទាប់ពីចៅក្រមរុស្ស៊ីចេញបញ្ជាឱ្យលោកជាប់ឃុំរយៈ៣០ថ្ងៃមុនពេលសវនាការ។ ជាមួយគ្នានោះអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសលោកខាងលិចមួយចំនួនទាមទាររដ្ឋាភិបាលរុស្ស៊ីឱ្យដោះលែងលោក Navalny ខណៈប្រទេសសមាជិកសហភាពអឺរ៉ុបវិញថែមទាំងបានទាមទារឱ្យដាក់ទណ្ឌកម្មលើរុស្ស៊ីថែមទៀតផង។ជាក់ស្តែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ លោក Alexei Navalny ត្រូវបានចាប់ខ្លួនភ្លាមៗពេលទៅដល់ព្រលានយន្តហោះក្រុងមូស្គូ ក្រោយធ្វើដំណើរពីអាល្លឺម៉ង់។ លោក Alexei Navalny ខណដែលនៅក្នុងប៉ុស្តិ៍ប៉ូលីស ចៅក្រមរុស្ស៊ី បានចេញបញ្ជាឲ្យលោកជាប់ឃុំរហូតដល់ពេលឡើងសវនាការនៅថ្ងៃខាងមុខ។ ចំណែកអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ីរូបនេះត្រូវបានអាជ្ញាធររុស្ស៊ី អះអាងថាបំពានលក្ខខណ្ឌព្យួរទោសដែលមានរយៈ៣ឆ្នាំកន្លះ ជំនួសឲ្យការជាប់ពន្ធនាគារបីឆ្នាំពាក់ព័ន្ធការលួចបន្លំទឹកប្រាក់៥សែនដុល្លារ។បើតាមទីភ្នាក់ព័ត៌មាន Reuters បានចុះផ្សាយថា ពេលចាកចេញពីប៉ុស្តិ៍ទៅកាន់កន្លែងឃុំឃាំង អ្នកនយោបាយប្រឆាំងរូបនេះ បានអំពាវនាវឱ្យអ្នកគាំទ្រខ្លួនបាតុកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលរុស្ស៊ី។ អ្នកគាំទ្ររូបលោកប្រមាណ២០០នាក់ បានជួបជុំគ្នានៅក្រៅប៉ុស្តិ៍ប៉ូលីសដើម្បីបង្ហាញការគាំទ្រដោយអ្នកខ្លះស្រែកទាមទារឱ្យ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនចុះចេញពីតំណែងទៀតផង។ដោយឡែកលោក Navalny បានថ្លែងក្នុងវីដេអូបង្ហោះលើបណ្តាញសង្គមTwitter ថា៖«កុំខ្លាច ចុះផ្លូវ (បាតុកម្ម) ។ កុំទៅ (បាតុកម្ម)ដោយសារតែរូបខ្ញុំតែទៅដោយសារតែរូបអ្នក និងអនាគតរបស់អ្នក»។ អ្នកគាំទ្រអ្នកនយោបាយប្រឆាំងរូបនេះ គ្រោងនឹងបាតុកម្មនៅទូទាំងប្រទេសនាថ្ងៃទី២៣ ខែមករាខាងមុខនេះ ហើយមានគម្រោងជួបជុំមនុស្សចំនួន១ម៉ឺននាក់នៅចុងខែមករានេះម្ដងទៀត។សូមជម្រាបថា ចំពោះការចាប់ខ្លួនអ្នកនយោបាយប្រឆាំងរុស្ស៊ីនេះ អេស្តូនី លីទុយអានី និងឡេតូនី ដែលនៅជាប់រុស្ស៊ីចង់ឱ្យរដ្ឋមន្ត្រីការបរទេសនៃសមាជិកសហភាពអឺរ៉ុប ពិភាក្សាលើការដាក់ទណ្ឌកម្មប្រឆាំងទៅនឹងរដ្ឋាភិបាលមូស្គូ។មនុស្សជំនិតរបស់លោក Navalny ក៏បានបញ្ចេញបញ្ជីឈ្មោះធនាគារិកអ្នកជំនួញ រដ្ឋមន្ត្រីរុស្ស៊ី និងអ្នកកាសែតរដ្ឋរុស្ស៊ី ដែលគួររងទណ្ឌកម្មរបស់ប្រទេសលោកខាងលិច។បើមែនទែនទៅ ភ្លាមៗក្រោយការចាប់ខ្លួនលោក Navalny រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អង់គ្លេស បារាំង អ៊ីតាលី និងអាមេរិក ក៏ដូចជាការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ ទាមទារឱ្យដោះលែងលោកជាបន្ទាន់។ ចំណែកលោក Jake Sullivan មនុស្សជំនិតរបស់លោកប្រធានាធិបតីជាប់ឆ្នោតចូ បៃឌិន និងលោករដ្ឋមន្ត្រីការបរទេសអាមេរិកម៉ៃ ប៉ុមប៉េអូ បានរិះគន់ចំពោះការចាប់ខ្លួននេះ។គួរបញ្ជាក់ដែរថា សម្រាប់រុស្ស៊ីវិញ មិនបង្អង់យូរឡើយក្នុងការប្រតិកម្មតបទៅនឹងការទិតៀន។ លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov និយាយថាប្រទេសបស្ចិមលោក រិះគន់រុស្ស៊ីដើម្បីបង្វែរចំណាប់អារម្មណ៍របស់ពលរដ្ឋខ្លួនចេញពីបញ្ហាក្នុងស្រុកតែប៉ុណ្ណោះ ហើយរុស្ស៊ីក៏នឹងមិនខ្វល់ពីអ្វីដែលប្រទេសនោះបានលើកឡើងដែរ៕ដោយ៖សហការី

រូបថត៖ AFP
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច