ព័ត៌មានទាន់ហេតុការណ៍៖

រឿងកាន់តែធំ! កញ្ញាឯក សេង រដ្ឋា បដិសេធមិនចូលខ្លួនដោះស្រាយតាមការអញ្ជើញរបស់ផលិតកម្មមហាហង្សឡើយ

ចែករំលែក៖

      ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសរវាងកញ្ញាឯក Miss Grand Cambodia 2020  នឹងក្រុមហ៊ុនផលិតកម្មវិធីប្រកួតគឺផលិតកម្មមហាហង្សកាលពីពេលកន្លងទៅ។ អ្វីដែលកាន់តែក្តៅគគុកថែមទៀតនោះ គឺគ្រាដែលម្ចាស់មកុដគឺកញ្ញា សេង រដ្ឋា ត្រូវប្រឈមនឹងការដកតំណែងជាផ្លូវការ។ ស្ថានភាពដ៏ក្តៅគគុកនេះបានធ្វើឲ្យរឿងរ៉ាវប្រទាំងប្រទើសនេះកាន់តែផ្ទុះខ្លាំងឡើងក្រោយពីផលិតកម្មមហាហង្សព្រមានប្រើលិខិតអញ្ជើញជាផ្លូវការលើកទី២ដែលមានការដឹងឮពីមេធាវីក្រុមហ៊ុនដើម្បីអញ្ជើញកញ្ញា សេង រដ្ឋាឲ្យចូលខ្លួនដោះស្រាយ ។

  យោងតាមលិខិតអញ្ជើញដែលចេញដោយផលិតកម្មមហាហង្សចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ និងត្រូវបានប្រកាសលើគណនីហ្វេសប៊ុកផ្លូវការMiss Grand Cambodia កាលពីរសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២១នេះបានបញ្ជាក់ដោយខ្លឹមសារក្នុងការអញ្ជើញកញ្ញាសេង រដ្ឋា កញ្ញាឯកដ៏អស្ចារ្យកម្ពុជាឆ្នាំ២០២០ចូលខ្លួនដោះស្រាយចំពោះបញ្ហាដែលកើតឡើងនៅថ្ងៃទី១៩ខែមករានេះ វេលាម៉ោង៣រសៀលនៅផលិតកម្មមហាហង្ស។ ភ្ជាប់ដោយរូបថត និងសារបន្ថែមបានលើកឡើងថា ”ដើម្បីសម្របសម្រួលភាគីទាំង២ ដោយសារមានការផ្ដល់យោបល់ពីខាងមេធាវីក្រុមហ៊ុន ដូច្នេះក្រុមហ៊ុនក៏បានចេញលិខិតអញ្ជើញកញ្ញា សេង រដ្ឋា មកចូលរួមដោះស្រាយបញ្ហាដែលកើតឡើងកន្លងមកដោយសន្តិវិធី នៅការិយាល័យផលិតកម្មមហាហង្ស ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ៣រសៀលនេះ។

ប្រសិនបើកញ្ញា សេង រដ្ឋា មិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុនទេ នោះជំហានទីពីរមេធាវីខាងក្រុមហ៊ុននឹងចេញលិខិតកោះហៅកញ្ញា សេង រដ្ឋា ដើម្បីចូលខ្លូនមកដោះស្រាយជាលើកទីពីរ ប៉ុន្តែបើកញ្ញា សេង រដ្ឋា នៅតែមិនចូលខ្លួនដោះស្រាយទេ ខាងក្រុមហ៊ុននិឹងធ្វើការតាមផ្លូវច្បាប់សម្រេចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ ហើយខាងក្រុមហ៊ុននិឹងធ្វើសន្និសីទសារព័ត៌មានតាមក្រោយប្រសិនបើមានការប្រែប្រួលអ្វីមួយរវាងភាគីទាំងពីរ។

  តបទៅនឹងលិខិតអញ្ជើញដែលត្រូវបានបង្ហោះជាសាធារណៈនេះដែរកញ្ញា សេង រដ្ឋាបានចេញសារនៅលើគណនីហ្វេសប៊ុកនាងដែរ ដោយនាងបានសុំទោសអ្នកតាមដានវិស័យកញ្ញាឯក និងអ្នកគាំទ្រដ៏សែនល្អរបស់នាង ថានាងពិតជាមិនអាចទទួលយកបាននូវអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់នាងនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារណៈបែបនេះ។

នាងបន្តថា នាងនឹងធ្វើតាមអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក (ដក តំណែង)ហើយអ្វីដែលនាងធ្វើបាននៅពេលនេះគឺចូលខ្លួនបង្ហាញវត្តមាននៅថ្ងៃសន្និសីទកាសែតតែមួយគត់ ដែលនឹងប្រព្រឹត្តទៅដោយមានកាលបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងគឺដូចទៅនឹងអ្វីដែលអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក។ នាងបន្តថា នាងពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទម្រាំមានថ្ងៃនេះ ទោះនាងលំបាកយ៉ាងណា ក៏នាងនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា ។ សាររបស់នាងកាលពីព្រឹកថ្ងៃដដែលនេះក៏បានបញ្ជាក់ដោយកញ្ញាឯករូបនេះដែរដោយការមិនពេញចិត្តទាំងការហៅទៅដោះស្រាយនៅថ្ងៃទី១៩ខែមករានេះហើយត្រូវធ្វើឡើងនៅថ្ងៃធ្វើសន្និសីទកាសែតបន្ទាប់ទៀត ដែលនាងថាជាការចំណាយពេលច្រើនហើយនាងបែរជាស្នើឲ្យទុកពេលបង្វឹកអ្នកថ្មីទៅល្អជាងនោះ។ សារពីរដែលបាននិងកំពុងខ្វែងគំនិតគ្នានេះបានធ្វើឲ្យលេចចេញនូវមតិចម្រុះជាច្រើនជុំវិញស្ថានការណ៍មួយនេះ។ 

  គួរបញ្ជាក់ដែរថា ការផ្ទុះរឿងរ៉ាវចម្រូងចម្រាសរហូតលេចចេញដំណឹងជាហូរហែនៃការដកតំណែងកញ្ញាឯក Miss Grand Cambodia 2020   បានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីការប្រកាសកាលបរិច្ឆេទប្រកួត Miss Grand International  2020-2021នឹងត្រូវធ្វើឡើងនៅប្រទេសថៃនាអំឡុងខែមិីនាខាងមុខនេះ។ ប្រសិនបើមានការដកតំណែងមែន នោះភាពភ្ញាក់ផ្អើលនឹងមិនមែនកើតមានឡើងតែនៅក្នុងស្រុកឡើយ ពោលគឺនឹងត្រូវបានសាយភាយពេញសកលលោក ហើយវិស័យកញ្ញាឯកនៅកម្ពុជានឹងសាងឈ្មោះលើកទី១ពីការដកតំណែងពីកញ្ញាឯកម្នាក់នេះដែលទទួលបានការពេញចិត្តច្រើនលើសលប់ពីក្រុម អ្នកគាំទ្រ។ 

  គេចាំបានដែរថា ទោះជាយ៉ាងណាមានប្រភពពីសំណាក់អ្នកធ្លាប់បម្រើការងារក្នុងវិស័យកញ្ញាឯកបានទម្លាយដំណឹងដ៏រសើបមួយនេះថា ផ្តើមពីការជជីកសួរពីសំណាក់អ្នកគាំទ្រ។ ប្រភពថា អ្នកគាំទ្របានសួរសំណួរទៅកាន់កញ្ញា សេង រដ្ឋាអំពីការត្រៀមអ្វីខ្លះមុនពេលចេញទៅប្រកួត ខណៈដែលកញ្ញាសេង រដ្ឋាតបទៅវិញថានាងនៅមិនទាន់ទទួលបានការហ្វឹកហាត់ណាមួយពីអ្នកផលិតកម្មវិធីនៅឡើយចាប់តាំងពីនាងបញ្ចប់ការប្រកួតមក។ ចម្លើយនេះហើយដែលនាំឲ្យក្រុមហ៊ុនមានការអាក់អន់ចិត្ត និងបង្កើតឲ្យមានភាពប្រទាំងប្រទើសជាពាក្យសម្តីនិងផ្លូវចិត្ត រហូតមានការចោទទៅកាន់កញ្ញាឯក សេង រដ្ឋាវិញថា នាងមិនមានពេលគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនទៅវិញ៕ 

ដោយ៖ វឌ្ឍនា


ចែករំលែក៖