នៅថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ ខេត្តអូគីណាវ៉ា ស្ថិតនៅភាគខាងត្បូងជប៉ុន បានប្រកាសអាសន្នពីការឆ្លងរាលដាលកូវីដ-១៩ ខណៈអ្នកឆ្លងនៅក្នុងប្រទេសជប៉ុនកើនឡើងខ្ពស់ ។
អភិបាលខេត្តអូគីណាវ៉ា លោកDenny Tamaki បានសម្រេចប្រកាសអាសន្ន ដោយស្នើដល់បណ្តាភោជនីយដ្ឋាន ក្លិបកម្សាន្ត នានា ត្រូវបិទទ្វារចាប់ពីម៉ោង ២០ រៀងរាល់ថ្ងៃ។ ជាមួយគ្នានោះពលរដ្ឋ ដែលមិនមានការចាំបាច់មិនត្រូវចេញពីផ្ទះឡើយ។ ស្ថានភាពអាសន្ននឹងអូសបន្លាយដល់ទៅ ថ្ងៃទី ៧ខែកុម្ភៈឆ្នាំ២០២១។
កន្លងមករដ្ឋាភិបាលជប៉ុនបានប្រកាសអាសន្ននៅទីក្រុងតូក្យូ និងខេត្តចំនួន៣ផ្សេងទៀត ។ ដោយឡែកខេត្ត អូគីណាវ៉ា គឺជាទីកន្លែងដែលទាហានអាមេរិក ឈរជើងភាគច្រើន បានសម្រេចប្រកាសអាសន្ន ក្រោយរកឃើញករណីឆ្លងកូវីដ-១៩កើនឡើងខ្ពស់ ។
បណ្តាញទូរទស្សន៍ជប៉ុន NHK បានផ្សាយថា ខេត្តអូគីណាវ៉ា នៅថ្ងៃទី ១៩ ខែមករា នេះ បានរកឃើញ មានអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ១១៣នាក់គឺជាចំនួនឆ្លងខ្ពស់ ៣ថ្ងៃជាប់គ្នាក្នុងខេត្តនេះ។
កន្លងមក រដ្ឋាភិបាល ខេត្ត Shizuoka ស្ថិតនៅភាគកណ្តាលនៃប្រទេសជប៉ុនក៏បានប្រកាសអាសន្ន ពីវីរុសទម្រង់ថ្មី ក្រោយរកឃើញមាន៣នាក់ឆ្លងវីរុសកូវីដ-១៩ ប្រភេទថ្មីមានប្រភពចេញពីប្រទេសអង់គ្លេស។
គិតមកដល់វេលាម៉ោង ២០ យប់ថ្ងៃទី១៩ខែមករា២០២១ តាមគេហទំព័រWorldometer នៅទូទាំងប្រទេសជប៉ុនមានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅ328.294 នាក់ និងស្លាប់៤៥០១នាក់ ។ ជាមួយគ្នានោះក៏មានអ្នកជាសះស្បើយជាង ២៥២ពាន់នាក់ផងដែរ៕ដោយ៖ធី រីណា
រូបភាព៖Kyodo/TTXVN