ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ៣គ្រឿងខណៈជិះបញ្ច្រាសទិសគ្នាបានបុកគ្នាបណ្តាលឱ្យរបួសធ្ងន់ស្រាលក្មេងប្រុសស្រី៣នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់ស្រាលដែរដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ៣គ្រឿងបុកគ្នាក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ១៣នៅត្រង់ចំណុចភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួលខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម៉ូតូដែលបង្កហេតុមានឈ្មោះញែម នៀត ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សរស់នៅភូមិត្រពាំងរាំង ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាឌ្រីម C១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FP-៣៦០៩។

ចំណែកភាគីម្ខាងទៀតមានឈ្មោះយ៉ន រ៉ូសា អាយុ១៥ឆ្នាំ រស់នៅភូមិម្រះព្រៅ ឃុំត្រពាំងស្ដៅ ស្រុករមាសហែកខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខភ្នំពេញ១HQ-០៥៩២ខូចខាតទាំងស្រុង។

ចំណែកអ្នករងរបួសធ្ងន់មានឈ្មោះ ឯក សម្បត្តិ អាយុ១៧ឆ្នាំ រស់នៅភូមិអំពិលថ្មីឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជិះម៉ូតូម៉ាកKRពាក់ស្លាកលេខកណ្ដាល១AE-៣០៦៨។

បើតាមសាក្សីបានឱ្យដឹងថា មុនកើតហេតុមានក្មេងស្រីសិស្សសាលាម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១FP-៣៦០៩ក្នុងទិសដៅពីជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកក្មេងប្រុសម្នាក់ដែលជិះម៉ូតូឆ្លងផ្លូវបញ្ច្រាសគ្នាម៉ាកហុងដាស្គូពីពណ៌សពាក់ស្លាកលេខភ្នំពេញ១HQ-០៥៩២។បន្ទាប់មកមានក្មេងប្រុសផ្សេងទៀតបានជិះម៉ូតូម៉ាកKRពាក់ស្លាកលេខកណ្ដាល១AE-៣០៦៨ក្នុងទិសដៅបញ្ច្រាសគ្នាក៏បុកម៉ូតូទាំង២គ្រឿងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍ទៅសមត្ថកិច្ច ដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។

បច្ចុប្បន្នវត្ថុតាងម៉ូតូទាំង៣គ្រឿងសមត្ថកិច្ចបានវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់អំពិលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖