ព័ត៌មានទាន់ហេតុការណ៍៖

សមត្ដកិច្ច ចុះបង្ក្រាបឃ្លាំងស្តុកទឹកដោះគោម៉ាក Wakodo តាមបណ្ដឹងរបស់ពលរដ្ឋ

ចែករំលែក៖

      ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាបទីតាំងស្តុកផលិតផលទឹកដោះគោម៉ាក Wakodo។ ការចុះបង្ក្រាបទីតាំងខាងលើនេះ ដឹកនាំនិងសម្របសម្រួលដោយលោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្ដឹងរបស់ប្រជាពលរដ្ឋទៅកាន់ស្ថាប័នជំនាញ នៃក្រសួងមហាផ្ទៃ។

យោងតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឱ្យដឹងថា ទឹកដោះគោម៉ាក Wakodo ត្រូវបាននាំចូលដោយក្រុមហ៊ុន VNK Corporation Ltd ដែលមានអាសយដ្ឋានស្ថិតនៅអគារលេខ ៨២៧  ផ្លូវលេខ២០០៤ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បន្ទាប់ពីចុះទៅដល់ទីតាំងខាងលើប្រហែលជិតមួយម៉ោង ស្រាប់តែសមត្ដកិច្ច និងលោកព្រះរាជអាជ្ញារង បានដកថយចេញអស់រលីងដោយពុំមានការដកហូតវត្ថុតាង ឬឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ។

អ្នកសារព័ត៌មាន ពុំអាចសុំការបញ្ជាក់ពីសមត្ថកិច្ចថា តើម្ចាស់ទីតាំងខាងលើនេះជាអ្នកណានោះបានឡើយ ហើយហេតុអ្វីបានជាម្ចាស់ទីតាំងនេះអាចបញ្ជាឲ្យមន្ត្រីជំនាញ និងតុលាការដកថយ មិនហ៊ានប៉ះពាល់ទំនិញគេសូម្បីតែបន្តិចបែបនេះ?

ទោះជាយ៉ាងណា នៅពេលចុះបង្ក្រាបទីតាំងខាងលើនេះ លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានហាមឃាត់អ្នកសារព័ត៌មានមិនឲ្យចុះផ្សាយពីការចុះបង្ក្រាបទីតាំងខាងលើនេះឡើយ ដោយលោកលើកឡើងថា បើអង្គភាពណាហ៊ានចុះផ្សាយផ្ដេសផ្ដាស អង្គភាពនោះជាអ្នកទទួលខុសត្រូវ៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖