ភ្នំពេញ៖ បុរស២នាក់បានរងរបួសធ្ងន់ធ្ងរនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីធ្វេីការបំណងទៅផ្ទះត្រូវរថយន្តហ៊ីយ៉ាន់ដាយធុនធំរបស់ក្រុមហ៊ុនLMHដឹកជញ្ជូនដែលបេីកលឿនបានបុកពីក្រោយម៉ូតូហើយអូសជាង៤០ម៉ែត្រ។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះទី១-ឈ្មោះ លុច្ស អាយុជាង ៣០ឆ្នាំ ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល(រងរបួសធ្ងន់ដាច់ជើងម្ខាង)។
ជនរងគ្រោះទី២-ឈ្មោះ ត្រា ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល(របួសធ្ងន់ដាច់ជើងម្ខាង)។
ជនរងគ្រោះទី៣-ឈ្មោះ បុប្ផា រងរបួសស្រាល ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញបុរស៣នាក់ជិះម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០១៣មួយគ្រឿងឌុបគ្នាតាមមហាវិថីឈ្នះ=ឈ្នះក្នុងទិសដៅពីជេីងទៅត្បូងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសីហនុ3A- 5931 របស់ក្រុមហ៊ុនLMH បើកក្នុងល្បឿនលឿនមកពីក្រោយហេីយបានបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូចំនួន២នាក់រងរបួសដាច់ជេីងម្ខាងម្នាក់យ៉ាងរន្ធត់និងម្នាក់ទៀតរបួសស្រាល។
ប្រភពដដែលបានបន្តថា ភ្លាមៗនោះរថយន្តបង្កហេតុនៅមិនទាន់អស់ល្បឿនក៏អូសម៉ូតូជាប់នៅខាងក្រោមរថយន្តប្រហែលជាជាង៤០ម៉ែត្រទៀតទេីបឈប់ហេីយតៃកុងបានចុះរត់គេចខ្លួនបាត់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕
ដោយ៖សុខាសែនជ័យ / និន សុភ័ស្ត