ភ្នំពេញ៖ អង្គភាពនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានបញ្ជាក់ឲ្យដឹងថា, នាឡិកាវៃឆ្លាតមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដែលមានមុខងារតាមដានចង្វាក់បេះដូង និងវាស់កំដៅអាចប្រើសម្រាប់បញ្ជាក់ការមានជំងឺកូវីដ-១៩ បានរហូតដល់ទៅមួយសប្តាហ៍មុនពេលដែលអ្នកជំងឺចាប់ផ្ដើមមានរោគសញ្ញា ឬរកឃើញមេរោគតាមរយៈការធ្វើតេស្ត នេះបើតាមការស្រាវជ្រាវរបស់មន្ទីរពេទ្យដ៏ល្បីឈ្មោះ Mount Sinai Health System នៅរដ្ឋ New York និងសាកលវិទ្យាល័យ Stanford នៅរដ្ឋ California។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត Rob Hirten នៃមន្ទីរពេទ្យ Mount Sinai បានមានប្រសាសន៍ថា គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីអាចឱ្យពួកគេរកឃើញរោគសញ្ញានៅពេលដែល មេរោគនេះត្រូវបានឆ្លង ឬមុនពេលដែលអ្នកជំងឺមានរោគសញ្ញា ដើម្បីបង្ការនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ ហើយនាឡិកាវៃឆ្លាតរបស់ក្រុមហ៊ុន Apple អាចប្រើជាឧបករណ៍ដើម្បីកំណត់រោគសញ្ញានេះ ដោយធ្វើការវិភាគពីភាពលំអៀងទៅលើទិន្នន័យនៃចង្វាក់បេះដូង (Heart rate variability)។
សម្រាប់ការស្រាវជ្រាវនៅសាកលវិទ្យាល័យ Stanford វិញនោះ ពួកគេបានឱ្យអ្នកចូលរួម ពាក់នាឡិកាមកពីក្រុមហ៊ុនមួយចំនួនមានដូចជា Apple, Garmin និង Fitbit ដើម្បីធ្វើការតាមដាន។ ជាលទ្ធផល ពួកគេបានរកឃើញថា ៨១ភាគរយនៃអ្នកកើតជំងឺកូវីដមានការផ្លាស់ប្ដូរចង្វាក់បេះដូងចំនួនប្រមាណ៩ថ្ងៃ មុនពេលដែលពួកគេចាប់ផ្ដើមមានរោគសញ្ញា។ នៅក្នុងការស្រាវជ្រាវនេះ ក៏មានប្រើកម្មវិធីដែលផ្ដល់ជាសារណែនាំដល់អ្នកចូលរួម នៅពេលដែលចង្វាក់បេះដូងរបស់ពួកគេមានការផ្លាស់ប្ដូរ ដើម្បីឱ្យពួកគេចៀសវាងក្នុងការជួបជុំគ្នា៕
ដោយ៖ សិលា