ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តក្នុងល្បឿនលឿនស្រាប់តែបែកកង់មុខរេចង្កូតឡើងសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបាក់១ដើមដួលត្រូវអ្នកធ្វើដំណើររងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តLexus LX470 ក្នុងល្បឿនលឿនស្រាប់តែបែកកង់ខាងមុខរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងមួយដើមបណ្តាលឱ្យដួលរលំត្រូវអ្នកជិះម៉ូតូតាមដងផ្លូវ រងរបួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក lexus LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2W-8988 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែរថយន្តបែកកង់ខាងមុខផ្នែកខាងឆ្វេងធ្វើឱ្យរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ រួចហើយទៅបុកត្រូវបង្គោលភ្លើងមួយដើមបណ្ដាលឲ្យបាក់ដួលទៅលើអ្នកជិះម៉ូតូមួយគ្រឿងម៉ាក suzuki smah ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BB-4031 បើកបរដោយបុរសម្នាក់ដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងបណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋទំនាក់ទំនងហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តបង្ករងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕ដោយ៖និន សុភ័ស្ត


ចែករំលែក៖