ភ្នំពេញ ៖ ថ្លែងនៅក្នុងកិច្ចប្រជុំ នាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងយោធិនទាំងអស់ក្នុងជួរកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលបានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំពុះពារជម្នះនូវរាល់ឧបសគ្គ ខិតខំសម្រេចបាននូវស្នាដៃ និងសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ដោយបានអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងនោះកម្លាំងរបស់យើងបានពង្រឹងខឿនការពារជាតិ ម្ចាស់ការក្នុងការបំពេញភារកិច្ចស្នូលរបស់ខ្លួនមានដូចជា ការងារការពារព្រំដែន ការងារហ្វឹកហ្វឺន អប់រំចិត្តសាស្ត្រ បំប៉នមុខជំនាញ ការចូលរួមលើកិច្ចការស្តារ និងអភិវឌ្ឍជាតិ ព្រមទាំងចូលរួមសហការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋក្នុងហេតុការណ៍គ្រោះមហន្តរាយផ្សេងៗ ធានាថែរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍគួរជាទីមោទនៈ។
លោកបានបន្តថា សមិទ្ធផលទាំងនេះបានកើតឡើងក្រោមការដឹកនាំចង្អុលបង្ហាញដ៏ឈ្លាសវៃរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី រួមជាមួយនឹងឥស្សរជនរបស់ជាតិជាច្រើនរូបទៀត ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន ក៏ដូចជាការចូលរួមអនុវត្តតួនាទីភារកិច្ចរបស់មេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទទាំងអស់ ហើយក៏មិនអាចកាត់ផ្តាច់បានពីការឧបត្ថម្ភគាំទ្ររបស់ស្ថាប័នរដ្ឋ និងអង្គភាពសម្ព័ន្ធមេត្រីភាព ជាពិសេសពីសំណាក់ប្រជាពលរដ្ឋយើងតែម្តង។
លោក មេបញ្ជាការ កងទ័ពជើងគោក បានសំណូមពរដល់មេបញ្ជាការគ្រប់កងឯកភាព និងស្ថាប័នចំណុះឲ្យបន្តកិច្ចខិតខំប្រឹងប្រែង ដោយប្រកាន់យកការសម្រេចចិត្តច្បាស់លាស់ និងប្រុងប្រយ័ត្ន ជាមួយនិងការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ក្នុងការបំពេញតួនាទី និងភារកិច្ចក្នុងនាម កងយោធពលខេមរភូមិន្ទ ស្របតាមរដ្ឋធម្មនុញ្ញ, ច្បាប់ និងនយោបាយការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានសមិទ្ធិផលកាន់តែល្អប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕
ដោយ៖ សិលា