ព័ត៌មានទាន់ហេតុការណ៍៖

ការចុះត្រួតពិនិត្យវឌ្ឍនភាព ផ្លូវ ស្ពាន ដាឡូ សាលារៀន មណ្ឌលសុខភាព និងស្ពានដែកបាឡេក្បាលបេតុងថ្មីចំនួន ២ កន្លែង ទៀត ក្នុងស្រុកថាឡាបរិវ៉ាត់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃពុធ ៧កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នេះ ដោយឈរស្មារតីប្រកបដោយការទទួលខុសត្រូវ និងមើលឃើញពីកត្តាចាំបាច់អំពីតម្រូវការរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលត្រូវការចាំបាច់លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដាឡូ សាលារៀន មណ្ឌលសុខភាព លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នូវផ្លូវ ១ខ្សែ ដែលឆ្លងកាត់ ឃុំចំនួន៣ រួមមាន៖ ឃុំថាឡាបរិវ៉ាត់ ឃុំអូរ៉ៃ និងឃុំកាំងចាម និងបន្តជំរុញសាងសង់ស្ពានដែកបាឡេក្បាលបេតុងចំនួន ២ កន្លែងថែមទៀត ដើម្បីភ្ជាប់ដល់ឃុំសៀមបូក ស្រុកសៀមបូក។

ឆ្លៀតក្នុងឱកាសនោះលោក អភិបាលខេត្ត និងមន្រ្តីអមដំណើរបានបន្តចុះពិនិត្យការសាងសង់ សាលាបឋមសិក្សាក្ងោក ដែលជាអំណោយផ្ទាល់របស់ លោក អភិបាលខេត្ត និងលោកស្រី និងបន្តចុះពិនិត្យមើល ការដ្ឋានសាងសង់ សាលាបឋមសិក្សាកាំងចាម មួយកន្លែងទៀត ដែលមាន ០៥ បន្ទប់ និង ពិនិត្យមើល ដី បំរ៉ុងរដ្ឋរបស់ឃុំកាំងចាម ដើម្បីត្រៀមសាងសង់សាលាអនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំង មណ្ឌលសុខភាព ក្នុងឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖