នៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះលោកបៃឌិននឹងចូលកាន់តំណែងប្រធានាធិបតីអាមេរិកជាផ្លូវការ ហើយលោកនឹងសម្រេចកែប្រែគោលនយោបាយមួយចំនួន របស់អតីតប្រធានាធិបតី ។ អ្វីដែលលោកបៃឌិនធ្វើមុនគេគឺនាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ និងចូលរួមជាមួយកម្មវិធី វ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក។
តាមប្រភពព័ត៌មាន ក្រោយពេលចូលកាន់តំណែងនៅថ្ងៃទី ២០ខែមករា លោកបៃឌិន នឹង ប្រែក្រឡាស់នយោបាយរបស់លោកត្រាំចំនួន១៥ចំណុច ក្នុងនោះមាន នាំអាមេរិកចូលក្នុងអង្គការសុខភាពពិភពលោកវិញ ។
តាមឯកសារដែលក្រុមផ្លាស់ប្តូរអំណាចរបស់លោកបៃឌិនបានប្រកាសថា រដ្ឋាភិបាលថ្មីក្រោមការដឹកនាំរបស់លោកបៃឌិន នឹងចូលរួមកិច្ចប្រជុំរបស់អង្គការសុខភាពពិភពលោកនៅក្នុងសប្តាហ៍នេះស្តីពីសង្គ្រាមប្រឆាំងកូវីដ-១៩។ ក្រោយជួបពិភាក្សា អាមេរិកនឹងសហការជាមួយ WHO ដើម្បីកែទម្រង់អង្គការសុខភាពពិភពលោក។
កាលពីឆ្នាំ២០២០ ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកនឹងដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ។ លោកត្រាំ បានរិះគន់យ៉ាងខ្លាំងដល់ អង្គការ WHO ថាចាយលុយអាមេរិក តែគាំទ្រប្រទេសចិន។
កាលពីមុនអាមេរិកដើរតួនាទីយ៉ាងសំខាន់នៅក្នុងអង្គការ WHO ហើយការសម្រេចរបស់លោកត្រាំ ដកអាមេរិកចេញពីអង្គការនេះ ទទួលរងការថ្កោលទោសយ៉ាងខ្លាំង ពីរដ្ឋសភាអាមេរិក ក៏ដូចជាសភាអឺរ៉ុប ។ រហូតមកទល់ពេលនេះ អង្គការ WHO ដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គ្រាមប្រឆាំងកូវីដ-១៩ ៕ដោយ៖ធី រីណា
រូបភាព៖(AFP/Getty)