ព័ត៌មានទាន់ហេតុការណ៍៖

បុរសមួយក្រុមជិះរថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងមកបង្កហិង្សាវាយតប់គ្នាជាមួយបុរសពីរនាក់ផ្អើលសមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ បុរសពីរនាក់កំពុងផឹកស៊ីនៅមុខបន្ទប់ជួលមួយកន្លែងស្រាប់តែមានបុរសមួយក្រុមជិះរថយន្តស៊េរីទំនើបមួយគ្រឿងនិងម៉ូតូធំមួយគ្រឿងចុះមកស្រែកថា«ពួកឯងរករឿងប្អូនអញ!» បង្កឱ្យកើតជាជម្លោះហិង្សាវាយតប់គ្នាមានទាំងដំបង មានទាំងIDវាយគ្នាទៅវិញទៅមកបណ្ដាលឲ្យមានអ្នករងរបួស ផ្អើលដល់សមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ហើយឃាត់ខ្លួនមនុស្សចំនួន៣នាក់យកទៅសួរនាំ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២១ ខែមករា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់អង្គុយផឹកស៊ីនៅចំណុចទីតាំងកើតហេតុខាងលើ លុះមកដល់ម៉ោងជាង១២រំលងអធ្រាត្រ គេឃើញមានបុរសមួយក្រុមមានគ្នា ៤ ទៅ ៥ នាក់ ជិះរថយន្ត Range Rover ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2AO-4034 និងម៉ូតូធុនធំមួយគ្រឿងម៉ាកFTRមិនចាំស្លាកលេខ បានបើកមកឈប់នៅកន្លែងដែលបុរសពីរនាក់កំពុងផឹកស៊ី រួចបានស្រែកថាពួកឯងហ្នឹងរករឿងប្អូនអញមែន?  ប្រភពដដែលបានបន្តទៀតថា ក្រោយស្រែកសួររួចហើយ ស្រាប់តែផ្ទុះហិង្សាដាក់គ្នាឈានទៅដល់វាយតប់គ្នាដោយមានទាំងប្រើដុំថ្ម ដំបងរួមនឹង ID ដែលភាគីខាងម៉ូតូនិងរថយន្តមាននៅជាប់ខ្លួន បានធ្វើការបើកឆាកវាយប្រហារគ្នាទៅវិញទៅមកបណ្តាលឱ្យបុរសពីរនាក់ដែលកំពុងផឹកស៊ីរងរបួសបែកមុខបែកមាត់។បន្ទាប់មកខាងភាគីរថយន្តបម្រុងនាំគ្នាបើកចេញពីកន្លែងកើតហេតុតែត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាយកម៉ូតូកង់បីខ្មែរដាក់ស្ទាក់ពីមុខ រួចរថយន្តក៏បើកបំបុកក្រឡាប់បែកបាក់ខ្ទេចខ្ទី ធ្វើឱ្យប្រជាពលរដ្ឋផ្ទុះហិង្សាវាយបំបែកកញ្ចក់រថយន្តខូចខាតយ៉ាងដំណំ។បន្ទាប់មកក៏ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍ឃាត់ខ្លួនភាគីទាំងសងខាងបានចំនួន៣នាក់យកទៅប៉ុស្តិ៍ធ្វើការសួរនាំបន្ត។

ពាក់ព័ន្ធនឹងករណីហិង្សានេះក្រុមការងាររបស់យើងមិនអាចសុំការបំភ្លឺពីសមត្ថកិច្ចបានទេ ព្រោះបច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការសួរនាំភាគីទាំងពីរនិងកំពុងធ្វើការស្រាវជ្រាវបន្ត៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖