ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFord Rangerបោះពួយឡើងសួនចែកទ្រូងផ្លូវទៅបុករះដើមផ្កានិងបង្គោលប៉ាណូមួយដើមបណ្តាលឲ្យទ្រេតទើបរថយន្តទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាកFord Ranger ពាក់ស្លាកលេខរដ្ឋមួយគ្រឿងបានបោះពួយឡើងលើសួនចែកទ្រូងផ្លូវ បុករះគុម្ពផ្កាបាក់អស់ជាច្រើនគុម្ពនិងបុកបង្គោលប៉ាណូមួយដើមបណ្ដាលឲ្យទ្រេត ឯរថយន្តផ្ទប់ជាប់នឹងបង្គោលប៉ាណូរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បែរវត្តកៀនឃ្លាំង តាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខរដ្ឋ19 2-0074ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦Aក្នុងទិសដៅពីកើតទៅលិចចូលមកក្រុងភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបុករះដើមផ្កាបាក់អស់ជាច្រើនគុម្ព នឹងបុកបង្គោលប៉ាណូមួយដើមបណ្ដាលឲ្យទ្រេត ឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំផ្ទប់ជាប់ទៅមុខលែងរួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖សុខាសែនជ័យ​

 


ចែករំលែក៖