ភ្នំពេញ ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅក្បែរចិញ្ចើមមហាវិថីឈ្នះ=ឈ្នះដោយមានស្លាកស្នាមដាច់ជើងដែលគេសង្ស័យថា បុរសរូបនេះជួបគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៦ព្រឹកថ្ងៃទី២១ខែមករាឆ្នាំ២០២១នៅតាមមហាវិថីឈ្នះ=ឈ្នះក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បុរសរូបនោះពុំត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ និងមានស្នាមសាក់ខ្នង។
តាមភិនភាគសពទំនងជាមនុស្សមានសតិមិនគ្រប់ឬជាជនអនាថា។នៅក្បែរកន្លែងកើតហេតុមានកង់មួយគ្រឿងដែលមានចងកាននិងខ្សែដែលត្រូវរថយន្តបុកខ្ទេច។
តាមប្រភពព័ត៌មានពីកម្លាំងសណ្ដាប់ធ្នាប់សង្កាត់គោករកាបានឱ្យដឹងថា នៅវេលាម៉ោងប្រមាណជា៦ព្រឹកមានក្មេងដើររើសអេតចាយនៅលើដងផ្លូវបានប្រទះឃើញសាកសពដេកស្លាប់ហើយក៏បានរាយការណ៍ប្រាប់គាត់ រួចគាត់រាយការណ៍បន្តប្រាប់សមត្ថកិច្ចចុះមកត្រួតពិនិត្យហើយក៏បង្កឱ្យមានការភ្ញាក់ផ្អើលផងដែរ។
នៅកន្លែងកើតហេតុមានស្នាមអូសប្រមាណជាង១០ម៉ែត្រនិងមានតួកង់ធ្លាក់ពីលើដងផ្លូវក្បែរសពព្រមទាំងបំណែកកង់នៅក្បែរនោះផង។
តាមការត្រួតពិនិត្យសពនិងស្លាកស្នាមនៅកន្លែងកើតហេតុសមត្ថកិច្ចមានការសង្ស័យថាបុរសរូបនេះស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ខណៈដែលជិះឬក៏បណ្តើរកង់នៅតាមដងផ្លូវក្នុងទិសដៅពីកើតទៅលិច ហើយក៏ត្រូវរថយន្តបុកស្លាប់តែម្តង។ចំណែករថយន្តគេចបាត់បន្សល់តែសពដេកស្លាប់នៅលើចិញ្ចើមផ្លូវ។នៅព្រឹកនោះសមត្ថកិច្ចបានចុះទៅពិនិត្យសពរួចចាត់ចែងបញ្ជូនទៅកាន់ឈាបនដ្ឋានបូជាតាមប្រពៃណី៕ដោយ៖និន សុភ័ស្ត