ភ្នំពេញ ៖ បុរសម្នាក់ដែលត្រូវបានប្រជាពលរដ្ឋនិងក្រុមគ្រួសារប្រាប់ថាគាត់ជាមនុស្សមានសតិមិនល្អ ត្រូវបានរថយន្តកុងតឺន័របើកបុកហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យដាច់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២១ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលេខ៣៧១ ទល់មុខបុរីជីបម៉ុង ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ។
សពជនរងគ្រោះមានឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញបុរសរងគ្រោះដែលមានសតិមិនល្អខាងលេី បានដើរលើដងផ្លូវសុខៗស្រាប់តែមានរថយន្តសណ្ដោងទូកុងតឺន័រក្បាលពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B -3934 បើកពីជើងទៅត្បូងក្នុងល្បឿនលឿនមធ្យម លុះមកដល់ចំណុចកើតហេតុក៏បានបុកជនរងគ្រោះហើយកិនពីលើអូសជាច្រើនម៉ែត្រ បណ្ដាលឲ្យដាច់ខ្លួនជាកំណាត់ស្លាប់ភ្លាមមួយរំពេច ចំណែករថយន្តបង្កបានឈប់នៅកន្លែងកើតហេតុដោយតៃកុងបានបើកទ្វាររត់គេចបាត់ស្រមោល ។
ក្រោយកើតហេតុ សាច់ញាតិក្រុមគ្រួសារជនរងគ្រោះក៏បានមកដល់ ហេីយបានប្រាប់ដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចថា ជនរងគ្រោះមិនទាន់មានគ្រួសារទេដោយគាត់មានសតិមិនល្អ ចេះតែដេីរដេកតាមផ្លូវនៅមុខផ្ទះគេ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ បានសហការជាមួយជំនាញចរាចរណ៍រាជធានីភ្នំពេញមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំឲ្យម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយជាមួយសាច់ញាតិជនរងគ្រោះតាមនីតិវិធី ។ ចំណែកសពរងគ្រោះក្រោយពីសមត្ថកិច្ចធ្វើកំណត់ហេតុរួចក៏ប្រគល់ឲ្យក្រុមគ្រួសារដឹកយកទៅតម្កល់នៅវត្តសំបួរដើម្បីធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ភារ៉ា ដង្កោ