ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់ក្នុងចំណោមបក្ខពួកជាច្រេីននាក់ត្រូវបានប្រជាពលរដ្ឋឃាត់បានរួចប្រគល់ជូនកងរាជអាវុធហត្ថយកទៅសាកសួរបន្ទាប់ពីពួកគេបានគំរាមយុវជនម្នាក់ឲ្យឈប់ម៉ូតូសង្ស័យមានបំណងប្លន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចមុខខារ៉ាអូខេចិនមួយកន្លែង យីហោជីងជន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យគេនៅមិនទាន់បានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្ចាក់ឯងតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកើតហេតុស្រាប់តែលេចមុខជនសង្ស័យជាច្រេីននាក់ជិះម៉ូតូជាច្រេីនគ្រឿងមកពីក្រោយហេីយបានកៀរម៉ូតូជនរងគ្រោះឲ្យឈប់តែជនរងគ្រោះមិនឈប់ក៏បន្តជិះទៅមុខដេីម្បីរកកន្លែងសុវត្ថិភាព។
ប្រភពដដែលបានបន្តថា លុះទៅដល់កន្លែងហាងមួយកន្លែងឃេីញមានមនុស្សច្រេីននិងមានភ្នាក់ងារសន្តិសុខផងនោះជនងគ្រោះក៏ជិះម៉ូតូចូល ចំណែកក្រុមជនសង្ស័យក៏ជិះទៅមុខបាត់ទៅ។
មួយសន្ទុះក្រោយមកក្រុមជនសង្ស័យបានត្រឡប់មកវិញ។ឃេីញដូចនេះជនរងគ្រោះក៏ស្រែកឲ្យប្រជាពលរដ្ឋជួយចាប់បាន២នាក់ ដោយឡែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនអស់។
ក្រោយមកជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យនាំទៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដើម្បីធ្វើការសាកសួរ។
ពាក់ព័ន្ធករណីខាងលេីក្រុមអ្នកសារព័ត៌មានមិនអាចសុំការបញ្ជាក់ពីកម្លាំងអាវុធហត្ថថាជាករណីអ្វីនោះបានទេ តែប្រជាពលរដ្ឋសង្ស័យថាជាករណីប៉ុនប៉ងប្លន់តែមិនបានសម្រេច ព្រោះកន្លងមកតែងតែមានហេតុការណ៍ដូច្នេះកើតឡើងជាច្រេីនមកហេីយដោយធ្វេីជាដេញវាយគ្នាហេីយប្លន់យកម៉ូតូជនរងគ្រោះតែម្តង៕
ដោយ៖សុខាសែនជ័យ