ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសហការី បាននាំយកថវិកាចំនួន ២,៨៧០,០០០៛ និង១០០$ ជាថវិកាចូលរួមរបស់បងប្អូនកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ជូនលោកវរសេនីយ៍ទោ ហ៊ុល ប៊ុណ្ណា នាយរងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជា ដែលបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលធ្វើដំណើរទៅបំពេញភារកិច្ច ហើយពេលនេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ក្រៅពីចុះសួរសុខទុក្ខលោកវរសេនីយ៍ទោហ៊ុល ប៊ុណ្ណា លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ក៏បានប្រគេនបច្ច័យចំពោះព្រះសង្ឃដែលកំពុងសម្រាកព្យាបាលអាពាធចំនួន១០០,០០០៛ និងបានជូនថវិកាមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលនៅក្នុងបន្ទប់ ជាមួយលោកវរសេនីយ៍ទោ ហ៊ុល ប៊ុណ្ណាផងដែរ ។
លោកវរសេនីយ៍ទោ ហ៊ុល ប៊ុណ្ណា បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការ លោក លោកស្រីស្នងការរង ព្រមទាំងមន្ត្រីចំណុះអង្គភាពស្នងការដ្ឋាន ដែលបានយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទ ហើយគាត់បានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ សូមទទួលបាននូវព្រះពុទ្ធពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ៖វណ្ណៈ