ភ្នំពេញ៖ ផលិតករភាពយន្ត លោក ហ៊ុយ យ៉ាឡេង បានដាក់បញ្ចាំងនូវខ្សែភាពយន្តរឿង“ដើម្បីកូន” ឡើងវិញ នៅគ្រប់រោងភាពយន្តនានារាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះគេក៏ឃើញវត្តមានរបស់លោកតាស៊ីក្លូមួយចំនួនបានចូលទស្សនាដែរដែល ក្រោយពីបានអញ្ជើញក្រុមអ្នកធាក់ស៊ីក្លូកម្សត់ជាច្រើនរូបចូលរួមទស្សនាភាពយន្តរឿង“ដើម្បីកូន“។
ថ្មីៗនេះផលិតករ លោក” ហ៊ុយ យ៉ាឡេង បានសម្រេចចិត្តប្រកាសបើកយុទ្ធនាការមួយឈ្មោះ“ម្នាក់១ដុល្លារចែករំលែកក្ដីស្រឡាញ់ជូនតាស៊ីក្លូ“។នៅក្នុងសារដែលផលិតកររូបនេះ បង្ហោះថ្មីៗនេះដោយមានភ្ជាប់រូបថត និងវីដេអូសម្រក់ទឹកភ្នែករបស់លោកតាស៊ីក្លូជាច្រើននាក់នៅក្នុងរោងភាពយន្ដក្នុងពេលទស្សនារឿង“ដើម្បីកូន” បញ្ជាក់ថា សប្បុរសជនទាំងក្នុង និងក្រៅប្រទេសអាចចូលរួមបរិច្ចាគចាប់ពីពេលនេះ ហើយកម្មវិធីចាក់បញ្ចាំងភាពយន្ដនៅទីវាល និងរៀបចំអាហារសម្រាប់តាៗធាក់ស៊ីក្លូ ដែលកម្មវិធីនេះនឹងធ្វើនៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែមករាឆ្នាំ២០២១។ ជាមួយគ្នានេះ លោកក៏មានគម្រោងចាក់បញ្ចាំងកុននៅទីវាល សម្រាប់តាៗធាក់ស៊ីក្លូចំនួន៣០០នាក់ ទស្សនា និងផ្ដល់អាហារពេលល្ងាចមួយពេលទៀតសម្រាប់ពួគគាត់ផងដែរ។
លោក ហ៊ុយ យ៉ាឡេងបានលើកឡើងថាលោកនឹងរៀបចំអាហារពេលល្ងាចជូនលោកតាពិសា ជូនលោកតាទស្សនាភាពយន្តជីវិតពិតរឿងដើម្បីកូននិងជូនថវិកាខ្លះជួយដល់លោកតាៗដើម្បីជួយបន្ធូរទុក្ខលំបាកខ្លះ ហើយសប្បុរសជនអាចចូលរួមជាមួយសកម្មភាពមនុស្សធម៌នេះជាមួយលោក ហ៊ុយ យ៉ាឡេង ដោយផ្ទាល់តាមរយៈទូរស័ព្ទលេខ៖ 012 / 069 239 789 ឬអាចបរិច្ចាគតាមគណនី ធនាគារមួយចំនួនដែលលោកបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់៕
ដោយ៖ វឌ្ឍនា