ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាហ្សង់ទីនចាក់វ៉ាក់សាំងកូវីដ​-១៩​ Sputnik V របស់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអាហ្សង់ទីន​លោក​ Alberto Fernandez នៅថ្ងៃទី ២១ខែមករា បានចាក់វ៉ាក់សាំង ​ប្រឆាំងកូវីដ​-១៩ ប្រភេទSputnik V ​របស់រុស្ស៊ី​​។ ការចាក់វ៉ាក់សាំង ធ្វើឡើងនៅមន្ទីរពេទ្យ​តំបន់ភាគខាងលិចទីក្រុង​Buenos Aires។
មេដឹកនាំ​អាហ្សង់ទីនចាក់វ៉ាក់សាំង ​ក្រោយរយៈពេល​១ថ្ងៃ​ដែលនាយកដ្ឋាន​ចំណីអាហារ​ និងឱសថ របស់ប្រទេសនេះ​អនុម័តឲ្យចាក់វ៉ាក់សាំង Sputnik V ជាផ្លូវការដល់មនុស្សដែលមានវ័យ​ចាប់ពី ៦០ឆ្នាំឡើងទៅ។
ប្រធានាធិបតី​ Fernandez បានអំពាវនាវដល់ពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។​ ក្រៅពីនេះ លោក Fernandez​បានប្រកាសពីកម្រិតសុវត្ថិភាព​នៃវ៉ាក់សាំង​​​ Sputnik V ។​ លោកក៏បានសន្យាថា នឹងផ្តាល់វ៉ាក់សាំងឲ្យបានគ្រប់គ្រាន់​ដល់ពលរដ្ឋ ។
កាលពីចុងសប្តាហ៍កន្លងមក ​អាហ្សង់ទីនទទួលបានវ៉ាក់សាំងកូវីដ​-១៩ ចំនួន៣សែនដូសបន្ថែមទៀតពីប្រទេសរុស្ស៊ី ដើម្បីបន្តការចាក់វ៉ាក់សាំង​ឲ្យបានទាន់ពេលវេលា។​ តាមគម្រោងគិតមកដល់ចុងខែមករានេះ​ អាហ្សង់ទីន នឹងទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩បន្ថែម​៥លានដូស​ជាបន្តទៀត។ នៅក្នុងខែកុម្ភៈខាងមុខ រុស្ស៊ីនឹងផ្តល់ជូន​អាហ្សង់ទីន​បន្ថែម​​១៤,៧លានដូសបន្តទៀត ។​ ក្រសួងសុខាភិបាលអាហ្សង់ទីនបានបញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ មានប្រសិទ្ធភាពដល់ទៅ ៩១,៨ភាគរយ​។
មកដល់ថ្ងៃទី​២២ខែមករានេះ អាហ្សង់ទីនមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​១,៨៣លាននាក់ និងស្លាប់ ៤៦,២ពាន់នាក់ ៕

 

ដោយ៖ធី រីណា(រូបភាព៖AFP/TTXVN)


ចែករំលែក៖