ខេត្តកំពង់ឆ្នាំង ៖ ជនជាតិវៀតណាម ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពជួញដូរ និង រក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅចំណុចក្បាលកោះ ភូមិ ឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។
លោក ហ៊ុល វាសនា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ប្តីប្រពន្ធ ម្នាក់ឈ្មោះ ឡេ យ៉ាំងឡើយអាយុ២៧ឆ្នាំ ជាប្តី និង ម្នាក់ទៀត ឈ្មោះ យ៉ ធីយាប អាយុ២៦ឆ្នាំជាប្រពន្ធ ។
ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចធ្វើការឆែកឆេរក្នុងផ្ទះរកឃើញ ថ្នាំញៀន៩កញ្ចប់ ដាវ៣ដើម ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន លុយចំនួ២០លាន៣៤ម៉ឺនរៀល ព្រមទាំងគ្រឿងអលង្ការ កាឡៃមួយចំនួនផងដែរ ។
លោកស្នងការរងបានឲ្យដឹងទៀតថា ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន នាពេលនេះ ក្រោយពីជំនាញបានធ្វើការស្រាវជ្រាវតាមបណ្តាញ បានរកឃើញថា ជនសង្ស័យគឺជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្រ្តឃុំឆ្នុកទ្រូ ។ នៅថ្ងៃប្រតិបត្តិការនេះដែរក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានច្បាស់អំពីសកម្មភាពជួញដូរ និងរក្សាទុកសារធាតុញៀនខុសច្បាប់រួចមក កម្លាំងសមត្ថកិច្ចបានចុះព័ទ្ធចាប់បានតែម្តង ។
ជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ÷ចន្ថា