ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ច​ជំនាញ​ ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ចេញពី​ព្រៃ​

ចែករំលែក៖

    ខេត្តព្រះវិហារ៖ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​លោក វុ​ធ សា​វីបានឲ្យដឹងថា​ ​​នៅ​រសៀលថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ លោកបានដឹកនាំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាក់ស្តែងបានជាង​១០​ម៉ែត្រគូបដែល​ឈ្មួញ​ទុច្ចរិត​បម្រុង​ដឹក​ចេញ​ទៅ​ទីផ្សារ​ខេត្តកំពង់ធំ​ ស្ថិតនៅ​ក្នុងភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

លោក វុ​ធ សា​វី បន្តថា ក្នុងប្រតិបត្តិការ​បង្ក្រាប​ឈើ​ខុសច្បាប់​នេះ​ដោយមានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ស្រុក​ជ័យ​សែន រួម​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ផងដែរ។​ ជាក់ស្តែងសមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​វត្ថុ​តាង​ឈើ​ប្រភេទ​លេខ​១ ស្រឡៅ ចំនួន​១៣៤​សន្លឹក ស្មើនឹង​ជាង​១០​ម៉ែត្រគូប និង​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៥​គ្រឿង​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន កសាង​សំណុំរឿង​បន្ត​តាម​ផ្លូវច្បាប់ ។

លោក​ព្រះរាជអាជ្ញា​រងរូបនេះ​ បន្ត​ថា ចំពោះវិធានការ​បន្ត ក្នុង​នាម​ស្ថាប័ន​តុលាការ នឹង​អនុវត្ត​ប្រកបដោយ​តម្លាភាព និង​មិន​មានការ​លើកលែង​ចំពោះ​សកម្មភាព​ទាំងឡាយ​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ដាច់ខាត ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​អោយ​នៅ​គង់វង្ស ។

ដោយឡែកជុំវិញបញ្ហានេះ​ដែរ​ ​ប្រជាពលរដ្ឋ​ដែលរស់នៅ​ក្បែរ​នោះ​ ក៏បានលួចបង្ហេីបប្រាប់ថា បច្ចុប្បន្នឈ្មួញ​ទុច្ចរិត​ជា​រៀងរាល់ថ្ងៃ​តែងតែដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​មក​គរ​ទុក និង​ខ្លះ​ទៀត​បាន​យក​មក​ផ្ញើ​ទុក​នៅផ្ទះ​អ្នក​ភូមិ បន្ទាប់​មក​ពួក​គេ​បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ​ដឹក​ចេញ​នៅ​ពេល​យប់​មិន​ញញើត​សមត្ថកិច្ច​នោះឡើយ ៕ដោយ៖សហការី


ចែករំលែក៖