ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានមានប្រសាសន៍ថា នឹងចាក់វ៉ាក់សាំងកូវីដ-១៩ មុនគេ ខណៈវ៉ាក់សាំងនេះ នឹងមកដល់កម្ពុជា នៅខែកុម្ភៈខាងមុខ ហើយនឹងធ្វើសន្និសីទកាសែតចេញពីមន្ទីរពេទ្យកាល់ម៉ែត ផ្ទាល់តែម្ដង ដើម្បីបង្ហាញពីជំនឿចិត្ត ដល់ប្រជាពលរដ្ឋ ។
សូមជម្រាបជូនថា ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងដឹកជញ្ជូន និង វិទ្យាស្ថាន តេជោសែន សាធារណការនិងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅផ្លូវ៥៩៨ (ផ្លូវ ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា វ៉ាក់សាំងកូវីដ-១៩នឹងមកដល់នៅខែកុម្ភៈខាងមុខនេះ ហើយ នៅពេលដែលវ៉ាក់សាំងកូវីដ-១៩មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចនឹងចេញទៅទទួលដោយផ្ទាល់ ព្រោះចាត់ទុកជាទំនិញយុទ្ធសាស្រ្ត និងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា ។
សម្តេចតេជោ បន្តថា ទម្លាប់របស់សម្តេចលុះត្រាតែភាគីនាយករដ្ឋមន្រ្តីប្រទេសនានាមកដល់ ទើបសម្តេចទៅទទួល ក្រោយមកគឺកាត់ចោលត្រឹមទទួលនូវវិមានសន្តិភាពវិញ ។ សម្តេចតេជោបន្តទៀតថា មានតែព្រះមហាក្សត្រនិងហ្លួងម៉ែ តែប៉ុណ្ណោះ ដែលសម្តេចនៅតែដង្ហែព្រះអង្គ ពេលយាងចាកចេញនិងទទួលព្រះអង្គពេលត្រឡប់មកវិញ តែឥឡូវសម្តេច នឹងទៅទទួលវ៉ាក់សំាងដោយផ្ទាល់តែម្ដង។ សម្តេចតេជោ បញ្ជាក់ថា សម្តេចនឹងចាក់វ៉ាក់សាំងនេះមុនគេ នៅឯមន្ទីរពេទ្យ កាល់ម៉ែត ដើម្បីបញ្ជាក់ឱ្យប្រជាជនកម្ពុជា ទុកចិត្តពីការប្រើប្រាស់វ៉ាក់សាំងនេះ ហើយសម្តេចចង់ចាក់ឱ្យប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យបានមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។
«ឥឡូវខ្ញុំនឹងទទួលវ៉ាក់សាំងនៅឯព្រលានយន្តហោះពោធិ៍ចិនតុង បន្ទាប់ទៅម្ជុលទី១ ដបដូសទី១ គឺចាក់លើខ្លួនខ្ញុំ តែម្ដង ហើយថ្ងៃនោះសង្ឃឹមថាសម្តេចពិជ័យសេនាទៀ បាញ់ ឯកឧត្តមជាសុផារ៉ា លោកជំទាវទាំងអស់ទៅចាក់ជាមួយខ្ញុំ នៅមន្ទីរពេទ្យកាល់ម៉ែត ហើយខ្ញុំធ្វើសន្និសីទកាសែតតែម្ដង ។ តម្លៃខ្លួនខ្ញុំគឺខ្ញុំត្រូវតែធ្វើដើម្បីឱ្យប្រជាជនកម្ពុជាច្បាស់ ទីកន្លែងបានរៀបចំហើយអ្នកដែលចាក់ឱ្យខ្ញុំគឺពេទ្យដែលការពារខ្ញុំថែរក្សាសុខភាពរបស់ខ្ញុំឥឡូវជារដ្ឋលេខាធិការក្រសួង សុខាភិបាល ហើយបន្តទៅចាក់ឱ្យអ្នកដ៏ទៃទៀត អ្នកណាចាក់ក៏បានក៏ប៉ុន្តែ ចាក់រួចហើយខ្ញុំនឹងធ្វើសន្និសីទកាសែត នៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង ដើម្បីបញ្ជូនសារថាកម្ពុជាបានចាប់ផ្តើម ។ ហើយបើតាមអ្វីដែលខ្ញុំចង់បានគឺមុនចូលឆ្នាំខ្មែរ កម្ពុជាត្រូវទទួលបាននូវការចាក់វ៉ាក់សាំងចំនួន៥០ម៉ឺននាក់ ព្រោះនៅពេលខាងមុខ៣០ម៉ឺនដូសនឹងមកដល់ សម្រាប់មនុស្ស ១៥ម៉ឺននាក់ទៀត ប៉ុន្តែមិត្តចិនកំពុងតែជំរុញថាឱ្យបាន៦០ម៉ឺនដូស បើបាន៦០ម៉ឺនដូសក្នុងខែកុម្ភៈ យើងនឹងចាក់បាន៣០ម៉ឺន នាក់ សល់៤០ម៉ឺនដូសទៀតនឹងចាក់២០ម៉ឺននាក់ ដូច្នេះមុនចូលឆ្នាំខ្មែរបើបាន៥០ម៉ឺននាក់ អ្នកធ្វើសេវារបស់យើងជួរមុខ នឹងទទួលបានការការពារ »៕
ប្រភព៖ ក្រសួងព័ត៌មាន