ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី០៤ ខែមេសា សម្តេចនឹងអញ្ជើញសម្ពោធអគារទីស្តីការថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ប្រសាសន៍ថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន»នៅព្រឹកថ្ងៃទី២២ ខែមករា នេះ។
ហើយនៅក្នុងថ្ងៃនេះផងដែរ, សម្តេចតេជោ ហ៊ុន សែន ប្រកាសដាក់ឱ្យដំណើរការផ្លូវមួយចំនួននៅទីតាំងស្ពានអាកាសចោមចៅ ២ខ្សែបន្ថែមទៀត ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
សម្តេចក៏បានប្រកាសពីការបែងចែកទីតាំងក្រសួងសាធារណការចាស់នៅជិតវត្តភ្នំ ប្រគល់ជូនទៅក្រសួងរ៉ែ និងថាមពល, ទីស្តីការក្រសួងរ៉ែ និងថាមពលចាស់ ជិតផ្សារថ្មី ប្រគល់ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ទីតាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចាស់ ទៅឱ្យក្រសួងអភិវឌ្ឍន៍ជនបទ, ទីតាំងក្រសួងអភិវឌ្ឍន៍ជនបទចាស់ ប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា អគារទីស្តីការក្រសួងការពារជាតិ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ក៏កំពុងសាងសង់ផងដែរ។ ការផ្លាស់ប្តូររបបនានានៅកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសនានា ទោះតាមមធ្យោបាយបោះឆ្នោត ឬរដ្ឋប្រហារ រដ្ឋាភិបាលក្រោយតែងតែទទួលមរតកពីរដ្ឋាភិបាលមុន។ ក៏ប៉ុន្តែសម្រាប់កម្ពុជា ក្រោយពេលរំដោះពីរបបប្រល័យពូជសាសន៍ គឺកម្ពុជាគ្មានសេសសល់អ្វីទាំងអស់ ទាំងហេដ្ឋារចនាសម្ព័ន្ធដឹកនាំរដ្ឋ ហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័នរដ្ឋ រួមទាំងធនធានមនុស្ស៕
ដោយ៖ សិលា