ព័ត៌មានទាន់ហេតុការណ៍៖

ខណៈកំពុងធ្វេីបុណ្យសពឲ្យកូន​ ស្រាប់តែគ្រួសារនិងសាច់ញាតិភ័យខ្លាចគ្រប់គ្នាព្រោះតែ….

ចែករំលែក៖

​ភ្នំពេញ ៖ ​​កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១ មានករណី​រថយន្ត​សណ្តោង​ទូកុងតឺន័រ​មួយ​គ្រឿង​បាន​បើក​​ក្នុងល្បឿន​​​លឿន​ទៅបុក​​និង​កិន​បុរស​ម្នាក់ដែលកំពុង​​ដើរ​ឆ្លងផ្លូវ​អូស​ជិត​៥០​ម៉ែត្របណ្តាល​ឲ្យ​បែកក្បាល​ធ្លាយ​ខួរ ​ដាច់​​សាច់​ជា​បំណែកៗ ​ស្លាប់យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ​​លេខ៣៧១​ ត្រង់ចំណុច​ទល់​​មុខ​ច្រកចូល​បុរី​ជីប​ម៉ុង ក្នុងសង្កាត់​បឹង​បឹង​ទំពុន​២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

  ក្រោយ​កើតហេតុរួច​ ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូច​ជា​កម្លាំងជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ​ហើយបាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​ដែល​នៅ​ក្បែរ​នោះ​ស្រាប់ឲ្យមក​ទទួលយក​សព​ទៅ​តម្កល់​ធ្វើបុណ្យ​នៅ​វត្ត​ឫស្សី​សាញ់ ក្នុង​ខណ្ឌដង្កោ ។ ប៉ុន្តែអ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពាក់ព័ន្ធនឹងករណី​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​នេះ គឺ​នៅ​ពេល​ដែល​សាច់ញាតិ​ទៅ​ទទួល​សព​យក​ទៅ​ធ្វើបុណ្យ​ក៏​មិនបាន​​ចាប់អារម្មណ៍​ពិនិត្យ​មើល​ឲ្យ​​ច្បាស់លាស់​ដែរ ដោយសារ​សព​ត្រូវ​រថយន្ត​កិន​បែក​ខ្ទេច​មើល​មុខលែង​ស្គាល់​ទៅ​ហើយ។ លុះ​ពេល​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ក៏​​បាន​មក​ទទួលយក​សព​ទៅ​រៀបចំ​ធ្វើបុណ្យ​នៅ​វត្ត​ឫស្សី​សាញ់​ទាំង​យប់។ ខណៈ​ពេល​ដែល​សាច់ញាតិ​កំពុង​តែ​រៀបចំ​ធ្វើបុណ្យ​តាមប្រពៃណីនោះ ស្រាប់តែ​នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ឈានចូលថ្ងៃ​ទី​២២ ខែមករា ​ក៏​ប្រទះ​ឃើញ​បុរស​​ម្នាក់​ដែល​សមត្ថ​កិច្ច​អះអាង​ថា​បានបាត់បង់ជីវិត​​ក្នុង​ហេតុការណ៍គ្រោះថ្នាក់​​​​ចរាចរណ៍​ខាងលើ​​នោះ​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ធ្វើ​ឲ្យ​សាច់ញាតិ​ភ្ញាកផ្អើលគ្រប់​គ្នា​ ព្រោះ​ស្មាន​តែ​ខ្មោចលង តែ​តាមការណ៍ពិត​​បុរសរូប​​នោះ​មិន​បាន​​បាត់បង់ជីវិតនោះ​ទេ គឺដោយសារ​សមត្ថកិច្ច​ទាក់ទង​ទៅ​សាច់ញាតិ​ខុស។ ​ដោយឡែក​​ជន​រង​គ្រោះ​ដែលបាត់បង់ជីវិត​​ខាងលើ​​នោះទំនង​​គឺ​​ជាជនមានសតិមិនគ្រប់​ ។ ទោះបីជា​យ៉ាងណា​ សាច់ញាតិ​ដែល​រៀបចំ​ធ្វើបុណ្យ​ច្រឡំ​សព​នោះ​នៅ​តែ​បន្ត​ធ្វើបុណ្យ​នៅ​វត្ត​ឫស្សី​សាញ់​ដើម្បី​បង្គ្រប់កិច្ច​មួយ​ព្រឹក​ទៀត​ឲ្យ​ចប់​រួចរាល់​តែ​ម្តង ។​

    យោងតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញបុរស​ម្នាក់​​មិនស្គាល់អត្ត​សញ្ញាណ​ទំនង​ជា​មាន​សតិ​មិនគ្រប់​ បាន​ស្លៀក​កន្សែងពោះគោដើរ​ឆ្លងផ្លូវ​លេខ៣៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ឆ្លង​បាន​បន្តិច ក៍៏ស្រាប់តែ​មានរថយន្ត​សណ្តោង​កុងតឺន័រ​មួយ​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B-3934 បាន​បើកតាមបណ្ដោយ​ផ្លូវ​លេខ៣៧១ ក្នុងទិស​ដៅ​ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ហើយជ្រុល​ទៅ​បុក​និងកិន​ជន​រង​គ្រោះ អូស​ចូល​ក្រោម​រថយន្ត​ជិត​៥០​ម៉ែត្រ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ បែកក្បាល​ធ្លាយ​ខួរ ​ដាច់​​សាច់​ជា​បំណែកៗបាត់បង់ជីវិត​​យ៉ាង​អាណោចអាធ័ម​នៅ​កណ្តាលផ្លូវ​តែ​ម្ដង ។

    បេីតាម​ប្រភព​​ខាងលើបាន​បន្ត​ថា បន្ទាប់ពីកើតហេតុ ​អ្នកបើកបរ​​បាន​ឈប់​រថយន្ដ​កុងតឺន័រ​នៅ​កណ្តាលផ្លូវ ​ហើយរត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​រថយន្ត​កុងតឺន័រ​ចោល​នៅ​កន្លែង​កើតហេតុ​ធ្វើ​ឲ្យ​ស្ទះ​ចរាចរ​ណ៍រាប់​ម៉ោង ។

    ក្រោយពេលកើតហេតុ ​រថយន្ត​កុងតឺន័រ​​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ធ្វើការ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ៕ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖