ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន៖ រាជធានីភ្នំពេញ បានវិវឌ្ឍន៍ពីផ្ទៃដី ៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជធានីភ្នំពេញ បានវិវឌ្ឍន៍ពីផ្ទៃដី ៣០០គីឡូម៉ែត្រក្រឡា ទៅដល់ជាង ៧០០គីឡូម៉ែត្រក្រឡាហើយ។  សម្តេចពិតជាធុញទ្រាន់ចំពោះការលើកឡើងដដែលៗរឿងលុបបឹងនៅក្នុងរាជធានីភ្នំពេញ។ សម្តេចតេជោ បានលើកឡើងថា នៅភ្នំពេញមានបឹងច្រើនណាស់ តែត្រូវបានលុបតាំងពីជំនាន់មុន ដើម្បីបម្រើការអភិវឌ្ឍ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ តែសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនឯកភាពចំពោះការបិទមុខទឹកនៅក្នុងរាជធានីភ្នំពេញនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ទីក្រុងកាន់តែធំ ផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ចជាតិកាន់តែច្រើន។

ជាថ្មីម្ដងទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែគោរពចំពោះព្រះបាទអង្គឌួង។ បើតាមសម្តេចតេជោ ប្រទេសកម្ពុជាពីអតីតកាលស្ទើរបាត់ពីផែនទីលើពិភពលោក។ សម្តេចតេជោ បានលើកឡើងថា នៅអំឡុងឆ្នាំ១៨៤០ ប្លាយ កម្ពុជា មានពលរដ្ឋមិនដល់ ១លានផងទេ ព្រះបាទអង្គឌួង បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មនុស្សណាក៏ដោយបើមិនផ្អែកលើទស្សនៈប្រវត្តិសាស្ត្រ សម្តេចនៅតែចាត់ទុកជា «ល្ងង់ទូ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីវាយតម្លៃ និងព្យាករសភាព សម្តេចប្រើវិធីសាស្ត្រ៣រួមមាន៖ ទី១. ប្រវត្តិសាស្ត្រ, ទី២. វិចារណវិជ្ជា និងទី៣. តក្កវិជ្ជា។

ប្រសាសន៍ថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងសាធារណការ និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» សម្តេច បានតបទៅនឹងលោក ម៉ក់ ហើន អ្នករស់នៅក្រៅប្រទេសថា សម្តេច រួមនិងសម្តេច ហេង សំរិន មិនមែនទាល់ច្រកទើបរត់គេចនោះទេ។

តែសម្តេច គឺបានរៀបចំដំណើរតស៊ូរំដោះជាតិ។

សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅលោក ម៉ក់ ហើន ថា បើមិនស្គាល់សម្តេច ស្មើនឹងខ្មែរមិនស្គាល់ស្ករត្នោត។ 

សម្តេចមិនត្រឹមតែជាមេបញ្ជាការនៃកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិនោះទេ គឺជាស្ថាបនិកកងកម្លាំងនេះតែម្តង៕

ដោយ៖ សិលា


ចែករំលែក៖