អន្តរជាតិ៖ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មី នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ បានប្រកាសពីយុទ្ធសាស្ត្រជាតិ ក្នុងការទប់ស្កាត់កូវីដ-១៩ដែលកំពុងរាតត្បាតនៅក្នុងប្រទេស និងធ្វើឱ្យប្រជាជនអាមេរិកស្លាប់ជាច្រើននាក់។ក្រោមយុទ្ធសាស្ត្រនេះ អាមេរិក បានកំណត់ការចាក់វ៉ាក់សាំងឱ្យប្រជាជនខ្លួនចំនួន ១០០លានដូស ក្នុងរយៈពេល ១០០ថ្ងៃ។
ជាក់ស្តែងលោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក ក្រោយឡើងកាន់តំណែងបានពីរថ្ងៃ លោកបានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិចំនួន២៨ដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅអាមេរិក។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិកនៅថ្ងៃទី២១ ខែមករា បានដាក់ចេញ «យុទ្ធសាស្ត្រជាតិ ក្នុងការឆ្លើយតបកូវីដ-១៩ និងត្រៀមខ្លួនសម្រាប់ជំងឺឆ្លងសកល» ថែមទៀត។
លោក បៃឌិន បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្នុងសេតវិមាន ថា៖«យុទ្ធសាស្ត្រជាតិរបស់យើង គឺទូលំទូលាយ ផ្អែកលើវិទ្យាសាស្ត្រមិនមែននយោបាយ ផ្អែកលើការពិត មិនអាចប្រកែកបាន និងលម្អិត»។
សូមជម្រាបថា សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែមករាម្សិលមិញនេះ បានរាយការណ៍មានករណីឆ្លងប្រចាំថ្ងៃចំនួន ១៩៣ ៧៥៨ករណី និងអ្នកស្លាប់មានចំនួន ៤៣៦៣នាក់។ តួលេខសរុប អាមេរិកមានកូវីដ-១៩ សរុបចំនួនជាង ២៥លាននាក់ និងអ្នកស្លាប់ជាង ៤២ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង១៥ លាននាក់។ ទាំងករណីស្លាប់ និងឆ្លងសរុបអាមេរិក មានចំនួនច្រើនជាងប្រទេសណាទាំងអស់។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ CNN បាននិយាយថា ដើម្បីទប់ស្កាត់ករណីឆ្លងប្រចាំថ្ងៃ ដែលមានជាច្រើនម៉ឺនករណីនេះ លោក បៃឌិនបានកំណត់រយៈពេល ១០០ថ្ងៃ បន្ទាប់ពីការឡើងកាន់តំណែងរបស់ខ្លួន ក្នុងចាក់វ៉ាក់សាំងឱ្យប្រជាជនអាមេរិកចំនួន ៥០លាននាក់ ឬ ១០០លានដូស។បន្ថែមពីលើនេះ យុទ្ធសាស្ត្រជាតិខាងលើ ក៏នឹងផ្តល់អំណាចដល់អ្នកជំនាញជំងឺឆ្លង ដូចជាលោកវេជ្ជបណ្ឌិត Anthony Fauci ផងដែរ។បើតាមប្រមុខរដ្ឋអាមេរិក សាធារណៈជនអាមេរិក នឹងលឺការណែនាំ និងវិធានទប់ស្កាត់ច្រើនជាងមុនពីលោកវេជ្ជបណ្ឌិត Fauci ច្រើនជាងចេញពីប្រធានាធិបតីអាមេរិក។
លោកបៃឌិន ក្នុងសន្និសីទសារព័ត៌មានដដែលនោះ ក៏បានបន្ទោសការទប់ស្កាត់កូវីដ-១៩ ក្រោមការដឹកនាំរបស់លោកដូ ណាល់ត្រាំ នាពេលកន្លងមកផងដែរ ដែលបង្កឱ្យប្រជាជនអាមេរិកស្លាប់ច្រើនជាងសង្គ្រាមលោកលើកទីពីរ។ ការណ៍នេះ លោកប្រធានាធិបតី បានអំពាវនាវឱ្យប្រជាជនអាមេរិកទាំងអស់រួមគ្នា្ និងសហការជាមួយរដ្ឋាភិបាល ដើម្បីឱ្យយុទ្ធសាស្ត្រជាតិនេះ អាចសម្រេចទៅបាន។
មិនតែប៉ុណ្ណោះ លោកបៃឌិន បានបញ្ជាក់ថា អាមេរិក កំពុងស្ថិតក្នុងស្ថានភាពអាសន្ន ដែលទាមទារទីភ្នាក់ងារពាក់ព័ន្ធ ត្រូវចាត់វិធានការបន្ទាន់ដោយស្នើឲ្យមានការពាក់ម៉ាស់ទាំងនៅក្នុងមធ្យោបាយដឹកជញ្ជូនសាធារណៈនៅក្នុងអាកាសយានដ្ឋាន លើយន្តហោះ រថភ្លើង កប៉ាស់ដឹកជញ្ជូនសាធារណៈជាដើម។ លើសពីនេះ អ្នកដំណើរត្រូវមានលទ្ធផលអវិជ្ជមានមុននឹងចូលមកទឹកដីអាមេរិក និងត្រូវដាក់ចត្តាឡីស័កក្នុងពេលធ្វើដំណើរមកដល់អាមេរិក។ សម្រាប់អ្នករស់នៅអាមេរិក ការដាក់ចត្តាឡីស័កពេលត្រលប់មកពីក្រៅប្រទេសវិញ ត្រូវដាក់ចត្តាឡីស័ករយៈពេល ៧ថ្ងៃ។
លោក បៃឌិន ក្នុងអំឡុងពេលដាក់ចេញយុទ្ធសាស្ត្រជាតិនេះ ក៏បានព្រមានថា អ្នកស្លាប់នៅអាមេរិក ទំនងនឹងកើនដល់ ៥០ម៉ឺននាក់នៅខែក្រោយ។អាមេរិក នឹងបង្កើនការផ្គត់ផ្គង់វ៉ាក់សាំង, ឧបករណ៍ធ្វើតេស្តរកកូវីដ-១៩, សម្ភារការពារជាដើម។ ទន្ទឹមនេះ លោកបៃឌិន ក៏បានចុះបញ្ជាប្រតិបត្តិឱ្យពាក់ម៉ាស់ក្នុងអគាររដ្ឋផងដែរ។ លោកបៃឌិនក៏បានបញ្ជាក់ផងដែរថាប្រជាជនអាមេរិក គួរតែពាក់ម៉ាស់ ដើម្បីទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុសដោយលោកសង្កត់ធ្ងន់ថា៖ «ម៉ាស់ គឺសំខាន់ជាងវ៉ាក់សាំង»។
ជុំវិញបញ្ហានេះដែរ លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានបង្កើតគណៈកម្មការជាច្រើនផងដែរ តាមបញ្ជាប្រតិបត្តិខាងលើ ដើម្បីធានាថាកូវីដ-១៩ អាចស្ថិតនៅក្រោមការគ្រប់គ្រង។ គណៈកម្មការទាំងនោះមានដូចជាក្រុមប្រឹក្សាជាតិធ្វើតេស្តជំងឺឆ្លងសកល ទទួលបន្ទុកការកែលម្អសមត្ថភាពធ្វើតេស្តកូវីដ-១៩, ក្រុមការងារសមធម៌សុខុមាលភាព ដើម្បីធានាលើការឆ្លើយតបកូវីដ-១៩ និងគណៈកម្មការផ្សេងទៀត៕ដោយ៖ស តារា