អន្តរជាតិ៖ បេីតាមការអះអាងពីក្រសួងការបទេសរបស់សិង្ហបុរី នៅថ្ងៃទី២១មករា ប្រកាសថា សិង្ហបុរី ស្វាគមន៍អាមេរិក នឹងត្រឡប់ចូលរួមកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីបញ្ហាបម្រែបម្រួលអាកាសធាតុជាថ្មីម្តងទៀត។ មិនតែប៉ុណ្ណោះសិង្ហបុរី អះអាងថា សម្រាប់វត្តមានអាមេរិក នឹងជួយជំរុញកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធនឹងបញ្ហាប្រឈមសាកលមួយនេះ។
ជាក់ស្តែងលោកចូ បៃឌិន នៅថ្ងៃទី២០ ខែមករា ពេលស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបញ្ជាមួយដែលនឹងចាប់ផ្ដើមនីតិវិធីចូលរួមឡើងវិញ។ បន្ទាប់ពីសហរដ្ឋអាមេរិកបានចាកចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាផ្លូវការតាំងពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកក្រោមរដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ។ ប៉ុន្តែអាមេរិក នឹងចូលរួមក្នុងកិច្ចព្រមព្រៀងនេះវិញ ក្នុងអាណត្តិប្រធានាធិបតីថ្មី ចូ បៃឌិន ។
បេីយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសិង្ហបុរី ថ្ងៃទី២១ ខែមករា បានបញ្ជាក់ថា បម្រែបម្រួលអាកាសធាតុ ជាការគំរាមកំហែងដ៏ធំមួយរបស់ពិភពលោក មនុស្សជាតិ ហើយដែលតម្រូវឲ្យមានការរួបរួមគ្នាដើម្បីនិរន្តរ៍ភាពនៃសាកលលោក។ក្រោយកោះសិង្ហបុរី ស្វាគមន៍ការសម្រេចចិត្តរបស់រដ្ឋបាលអាមេរិកថ្មី។
ក្រសួងការបរទេសសិង្ហបុរី បានលើកឡើងបន្ថែមទៀតថា៖«ការសម្រេចចិត្តត្រលប់មកវិញរបស់អាមេរិក ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសជាការវិវត្តវិជ្ជមានមួយដែលនាំមកការជំរុញដ៏សំខាន់មួយដល់កិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុរួមគ្នា»។ ក្រសួងការបរទេសសិង្ហបុរី បន្តថា វាក៏បង្ហាញការតាំងចិត្តរបស់អាមេរិកដើម្បីដឹកនាំពិភពលោកក្នុងការការពារអាកាសធាតុឲ្យទាន់ពេលវេលានិងធ្វើការជាមួយនឹងសហគមន៍អន្តរជាតិសំដៅជំរុញការប្រឹងប្រែងពហុភាគី។
គួរបញ្ជាក់ថា ក្នុងសេចក្ដីប្រកាសដដែល ក្រសួងការបរទេសសិង្ហបុរី ក៏បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយអាមេរិកក៏ដូចជាភាគីពាក់ព័ន្ធសំខាន់ៗដទៃទៀតក្នុងការសម្រេចបាន គោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស៕ដោយ៖ស តារា