ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! អង្គការ Yundi និងមន្ទីរពេទ្យបេះដូង Fuwai ប្រទេសចិន ជួយព្យាបាល ជំងឺបេះដូងដល់កុមារកម្ពុជា ដោយមិនគិតថ្លៃ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រោមការគាំទ្រ ពីព្រឹទ្ធសភា និងស្ថានទូតចិន ប្រចាំកម្ពុជា ខេត្តយូណាន ប្រទេសចិន បានសហការរៀបចំ ពិធីផ្សព្វផ្សាយចែករំលែកបទពិសោធន៍ នៃការជួយកុមារកម្ពុជា ដែលបានបញ្ជូនទៅវះកាត់ និងព្យាបាលជំងឺបេះដូងចំហ នៅប្រទេសចិន ទទួលបានជោគជ័យ។ 

ថ្លែងទៅកាន់អង្គពិធី លោកបណ្ឌិត ជា មុនីឫទ្ធិ តំណាងការិយាល័យអង្គការ YUNDI ប្រចាំកម្ពុជាបានមានប្រសាសន៍ថា គម្រោងបេះដូង នៃក្តីស្រឡាញ់បានចាប់ផ្តើមតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ ក្នុងការជួយដល់កុមារកម្ពុជាដែលមានជំងឺបេះដូងចំហចំនួន ១៥០រូបទៅទទួលការវះកាត់និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបេះដូង Fuwai ខេត្តយូណាន ប្រទេសចិន។ ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រុមគ្រូពេទ្យស្មគ្រចិត្តកម្ពុជា-ចិនក្រោមការសម្របសម្រួលពីអង្គការ YUNDI មន្ទីរពេទ្យបេះដូង FUWAI និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបំពេញសកម្មនៅក្នុងរាជធានី និង៩ខេត្ត ដែលបានពិនិត្យសុខភាពជូនដល់កុមារចំនួន៥៣២១០នាក់។ 

លោកវេជ្ជបណ្ឌិត សុខ ផាន ប្រធាន អ៊ុយនីតេ ជំងឺបេះដូងកុមារ នៃមន្ទីរពេទ្យកាល់ម៉ែត បានសាទរ នឹងលទ្ធផលនេះ ហើយបានប្តេជ្ញាបន្តការគាំទ្រ និងសម្របសម្រួល ជូនដល់អង្គការ សង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ក្នុងការចូលរួមចំណែកលើកកម្ពស់សុខុមាលភាព ជូនដល់ប្រជាជនកម្ពុជា។ ហើយលោកវេជ្ជបណ្ឌិតក៏សង្ឃឹមផងដែរថា តាមរយៈស្ថានទូតចិនប្រចាំកម្ពុជា នឹងបន្តបង្កើនបរិមាណបន្ថែមទៀតជួយវះកាត់ និងព្យាបាលជំងឺបេះដូងចំហ ដល់កុមារកម្ពុជានិយាយដោយឡែក ជួយដល់ការបណ្តុះបណ្តាលជំនាញឯកទេសសរសៃឈាមបេះដូង ជូនដល់គ្រូពេទ្យកម្ពុជានិយាយរួម ដើម្បីបង្កើនសមត្ថភាព និងចូលរួមជួយដល់កុមារកម្ពុជាដែលមានជំងឺនេះ។ 

លោក វ៉ង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថា គម្រោងនេះពិតជាអត្ថន័យដ៏ធំធេង ដែលមិនគ្រាន់តែជួយដល់កមារកម្ពុជា និងក្រុមគ្រូពេទ្យកម្ពុជាប៉ុណ្ណោះទេ  តែថែមទាំងបានពង្រឹង និងពង្រីកចំណងទាក់ទងជាប្រពៃណីរវាងប្រទេសយេីងទាំងពីរ អោយកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។ 

លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានព្រឹទ្ធសភាទី២ បានថ្លែងសារគន្លឹះដោយបានគូសបញ្ជាក់ថា ប្រទេសកម្ពុជានិងចិន នឹងបន្តចែករំលែកផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងបន្តរួមសហគ្នា នៅក្នុងសហគមន៍ជោគវាសនារួមគ្នា ដើម្បីផ្តល់ផលប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន នៃប្រទេសយើងទាំងពីរ ហើយឯកឧត្តមកិត្តិសង្គហបណ្ឌិតមានជំនឿយ៉ាងមុតមាំថា ក្រោមម្លប់ដ៏ត្រជាក់ នៃទំនាក់ទំនងរវាងប្រមុខដឹកនាំកំពូលនៃប្រទេសយើងទាំងពីរ និងក្រោមកម្លាំងគាំទ្រពីស្ថាប័នពាក់ព័ន្ធនានា រួមទាំងស្ថានទូតចិន ប្រចាំកម្ពុជា នោះកុមារកម្ពុជា ដែលមានជំងឺបេះដូងកាន់តែច្រើន នឹងត្រូវបានបញ្ជូនទៅពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ នៅប្រទេសចិន ហើយមានសុខភាពល្អបរិបូរណ៍ ដូចកុមារដទៃទៀតដែលជាទំពាំងស្នងឫស្សី និងជាធនធានមនុស្សរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមថា មន្ទីរពេទ្យបេះដូងហ្វូវ៉ាយខេត្តយូណាន និងអង្គការអ៊ីនឌី  បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាសង្គមស៊ីវិលមួយរបស់ប្រទេសចិនក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៅកម្ពុជា លើការជួយលើកកម្ពស់សុខុមាលភាពជូនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន ជាពិសេសកុមារដែលមានជំងឺបេះដូងចំហ ហើយក៏បាននិងកំពុងពង្រឹងនិងពង្រីកនូវទំនាក់ទំនងរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន លើវិស័យសុខាភិបាលស្របតាមគំនិតស្តីពីក្តីស្រឡាញ់ពីបេះដូង តាមរយៈការតភ្ជាប់ដួងចិត្តរបស់ប្រជាជន នៃយុទ្ធសាស្រ្តខ្សែក្រវាត់និងផ្លូវ ដែលនេះវាបានផ្លាស់ប្តូរមុខមាត់ថ្មីនៃទំនាក់ទំនង រវាងប្រជាជាតិយើងទាំងពីរ លើផ្នែកសុខុមាលភាព ប្រជាជនផងដែរ៕

ប្រភព៖ ទទក


ចែករំលែក៖