ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនៃតំបន់ប្រតិបត្តិការសឹករងតាកែវ បន្តចេញល្បាតតាមបណ្តាយព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវ

ចែករំលែក៖

ខេត្តតាកែវ ៖ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក៏ដូចជាការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានចាត់តាំងកម្លាំងចេញល្បាតតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-វៀតណាម (តាកែវ-គៀនយ៉ាង) ស្ថិតក្នុងភូមិភ្នំក្រពើឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ។ 

ការចុះល្បាតគឺត្រូវបានធ្វើឡើង ដើម្បីការពារឲ្យបាននូវ សុខសន្តិភាព ស្ថិរភាព ជូនប្រជាពលរដ្ឋដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។ ជាការកត់សម្គាល់ គឺពុំមានបទល្មើសឆ្លងដែន ឬមានបញ្ហាអសន្តិសុខកើតឡើង ក្នុងតំបន់នេះឡើយ។ កងកម្លាំងទាំងអស់បានបន្តចុះល្បាតជាប់ជាប្រចាំតាមផែនការ និងបទបញ្ជារបស់ថ្នាក់ដឹកនាំយោធភូមិភាគទី៣ និងមេបញ្ជាការកងទ័ពជើងគោក បានដាក់ចុះប្រកបដោយភាពម៉ឺងម៉ាត់ និងការទទួលខុសត្រូវខ្ពស់ សំដៅធានាការពារឲ្យបានចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ស្របតាមមាគ៌ាដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕

ដោយ៖ សិលា


ចែករំលែក៖