ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

      ខេត្តព្រះសីហនុ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តកុងតឺន័រនឹងម៉ូតូ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១៩៤-១៩៥ស្ថិតក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។ 

    តាមរបាយការណ៍បឋមពីសមត្ថកិច្ចបញ្ជាក់ថា ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ក្រហម គ្មានស្លាកលេខ បើកចេញពីខេត្តព្រះសីហនុមកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូបានវ៉ាជែងរថយន្តនៅខាងមុខ មកខាងឆ្វេងដៃ រួចក៏បុកចូលរថយន្តដឹកកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-6610ដែលបើកក្នុងទិសដៅផ្ទុយគ្នាបណ្តាលឲ្យ អ្នកបើកបរម៉ូតូ (មិនទាន់ស្គាល់ឈ្មោះ) ស្លាប់នៅនឹងកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសពកំពុងស្រាវជ្រាវរកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  រីឯវត្ថុតាងរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។  ដោយឡែកអ្នកបើកបររថយន្ត(មិនទាន់ស្គាល់ឈ្មោះ) បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ៕ឆ្លាម សមុទ្រ


ចែករំលែក៖