ព័ត៌មានទាន់ហេតុការណ៍៖

ទាហានអាមេរិកជិត២០០នាក់ឆ្លងកូវីដ-១៩ ពេលចូលរួមការពារពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន

ចែករំលែក៖

នៅថ្ងៃទី​២២ខែមករា មន្ត្រីអាមេរិក បានឲ្យដឹងថា​ មានកម្លាំងទាហាន ការពារជាតិប្រមាណ​ជិត២០០នាក់បានឆ្លងកូវីដ​-១៩ ក្នុងពេលបំពេញបេសកកម្មនៅទីក្រុងវ៉ាស៊ីនតោន ធានាសន្តិសុខដល់ពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោកបៃឌិន ។ កម្លាំងទាហាន ដល់ទៅ២៥ពាន់​នាក់​បានមកកាន់ទីក្រុង វ៉ាស៊ីនតោន​ក្នុងរយៈពេលជាង​១សប្តាហ៍ដើម្បីការពារ​សន្តិសុខ។ ចំណែកទាហាន ៧០០០នាក់ទៀត​នឹងចាកចេញពីទីក្រុងវ៉ាស៊ីនតោន នៅចុងខែមករា។

នៅពេលនេះដែរ ស្ត្រីទីមួយរបស់អាមេរិក គឺលោកស្រី Jill Biden ​ ភរិយាប្រធានាធិបតីបៃឌិន បានទៅសួរសុខទុក្ខកម្លាំងទាហានការពារ ដើម្បីថ្លែងអំណរគុណ​ដល់ទាហានដែលបានការពារ​សន្តិសុខជូនពិធីឡើងកាន់តំណែងរបស់ប្រធានាធិបតីថ្មី។ លោកស្រីក៏បាននាំយកកាដូ​ មានទាំងនំសូកូឡា​ ចែកជូនទាហានផងដែរ។
លោកស្រី Jill Biden ​បានលើកឡើងថា «ខ្ញុំចង់និយាយពាក្យអរគុណពីប្រធានាធិបតី បៃឌិន ដល់កម្លាំងទាហានដែលការពារនៅជុំវិញវិមានកាពីតូល​»។
លោកស្រី​Jill Biden បានលើកឡើងទៀតថា កូនប្រុសដែលស្លាប់របស់លោកស្រី គឺ Beau Biden ជាសមាជិកកម្លាំងទាហានការពារជាតិប្រចាំរដ្ឋ Delaware ធ្លាប់បំពេញបេសកកម្មនៅ​ប្រទសអុីរ៉ាក់រយៈពេល​១ឆ្នាំ ។ កូនប្រុស​​Beau Biden បានស្លាប់ដោយសារតែមហារីកខួរក្បាលនៅឆ្នាំ​២០១៥ ក្នុងអាយុ៤៦ឆ្នាំ ។
លោកស្រីបញ្ជាក់ថា «ខ្ញុំគឺជាអ្នកម្តាយ​​ម្នាក់របស់ទាហានការពារជាតិ ខ្ញុំសូមអរគុណ​ដល់កម្លាំងទាហាន​ការពារដែលបានបំពេញភារកិច្ចយ៉ាងល្អ៕ ដោយ៖ធី រីណា


រូបភាព៖AP


ចែករំលែក៖