ខេត្តឧត្ដរមានជ័យ៖ នៅវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបគ្រឿងចក្រឈូសឆាយដីព្រៃ អត់ច្បាប់អនុញាត ស្ថិតនៅចំណុចអូរទឹកខួបក្នុងភូមិទទួលគ្រោះ ឃុំថ្លាតស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថាកំលាំងចុះបង្ក្រាបរួមមាន៖ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែងចំនួន០៥នាក់ អាវុធ០៣ដើមវិទ្យុ០៥គ្រឿង រថយន្ត០១គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ឯក ហើន សំបោន មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថ ស្រុកអន្លង់វែង សហការជាមួយកំលាំងចម្រុះរួមមាន៖ រដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យចំនួន០៤នាក់ អធិការដ្ឋានព្រៃឈើខាងជើងបឹងទន្លេសាបចំនួន០១នាក់ នាយករដ្ឋបាលសាលាស្រុកអន្លង់វែង ចំនួន០១នាក់ ក្រុមប្រឹក្សាឃុំ អន្លង់វែង ចំនួន០១នាក់ សរុបចំនួន១៣នាក់ ដឹកនាំបញ្ជារួមដោយលោក ទៀង ដាវិទ្យ អនុប្រធាននាយកដ្ឋាននិតិកម្មនិងការពង្រឹងច្បាប់រដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តឧត្តរមានជ័យ បានចុះពិនិត្យទីតាំងដីឈូសឆាយ ចំណុច GPS (០៤០៩២០៥.១៥៦៦៤៦៩ )អូរទឹកខួបភូមិទូលគ្រួស ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ដែលមានម្ចាស់ឈ្មោះ អុី ណារុន ភេទប្រុស អាយុ៥០ឆ្នាំរស់នៅ(ភ្នំពេញ)បច្ចុប្បន្នមិនបានរស់នៅលើទីតាំងដីនេះទេ។
លទ្ធផលចាប់យកនៅវត្ថុតាងរួមមាន៖
១៖អេស្ការវទ័រម៉ាកCATចំនួន០១គ្រឿង
២៖អាប៊ុលម៉ាកKOMATSU.D៨៥ចំនួន០១គ្រឿង។
បច្ចុប្បន្នវត្ថុតាងចាប់យកខាងលើ រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ដើម្បីចាត់ការតាមនីតិវិធី។
ដោយ៖ប៉ែន នួន