ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះ​ប្រជាពលរដ្ឋពីរខ្នងត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់ តែពុំបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់ផ្ទះទេ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋពីរខ្នងត្រូវអគ្គិភ័យឆាបឆេះអស់គ្មានសល់កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី២៣ខែមករាឆ្នាំ២០២១ នៅចំណុចផ្លូវរថភ្លេីង​ ស្ថិតក្នុងភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះគេឃើញលោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យមានវត្តមានជាមួយកងកម្លាំងនគរបាលមូលដ្ឋានក្នុងការដឹកនាំប្រតិបត្តិការ​ពន្លត់អគ្គិភ័យនេះ​ដោយប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ​របស់ខេត្ត​ចំនួន២​គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណដឹកនាំដោយលោក ប៊ុន ផេង ស្នងការរងទទួលផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យរួមជាមួយលោក វង្ស វិត ស្នងការរងទទួលផែនការងារធនធានមនុស្សដោយប្រើប្រាស់ទឹកអស់​៥រថយន្ត ​។

សមត្ថកិច្ចប្រាប់ថា ផ្ទះដែលអគ្គិភ័យឆាបឆេះនេះទី១-មានទំហំ​ ៧ម​ x​ ១២ម​ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី​ បានខូចខាតអស់ទាំងស្រុង។ ម្ចាស់ផ្ទះឈ្មោះ​ សូវ​ ង៉ូវទ្រី ភេទប្រុស​ អាយុ​ ៦៥ឆ្នាំ​។ 

​ចំណែកផ្ទះទីពីរមានទំហំ​ ៦មx២០ម​ សង់ពីថ្មផ្នែកខាងមុខ​ ឈេីផ្នែកខាងក្រោយ​ ដំបូលប្រក់ស័ង្កសី​ ខូចខាតអស់ទាំងស្រុង(ផ្ទះគ្មានមនុស្សរស់នៅ)​ ។ ម្ចាស់ផ្ទះទីពីរនេះឈ្មោះ ម៉ាន់​ គឹមលាង​ ភេទស្រី​ អាយុ​ ៤៨ឆ្នាំ​ បច្ចុប្បន្នរស់នៅភូមិ៣​ សង្កាត់ព្រះពន្លា។ 

 សមត្ថកិច្ចបន្ថែមថា មូលហេតុដែលបណ្ដាលឲ្យអគ្គិភ៏យឆាបឆេះផ្ទះនេះបើតាមការសន្និដ្ឋាន​ គឺបណ្តាលមកពីជនអនាថាចូលទៅរស់នៅហេីយប្រេីប្រាស់ភ្លេីងមិនមានការប្រុងប្រយ័ត្ន​ ព្រោះក្នុងផ្ទះគ្មានចរន្តអគ្គិសនី ទើបបណ្ដាលមានការឆាបឆេះហើយក្នុងករណីខាងលើនោះមិនបណ្ដាលឲ្យម្ចាស់ផ្ទះឬពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ។ 

​សមត្ថកិច្ចប្រាប់ថា សម្ភារក្នុងផ្ទះពុំមានទ្រព្យសម្បត្តិខូចខាតអ្វីឡេីយ​ដោយ កម្លាំងនគរបាលនិងម្ចាស់ផ្ទះរួមគ្នាប្រមូលចេញក្តៅទាន់ពេលវេលា៕ដោយ៖វណ្ណា


ចែករំលែក៖