ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យបើកម៉ូតូរុឺម៉កបុកគេស្លាប់ព្យាយាមបើករត់គេច ត្រូវសមត្ថកិច្ចដេញតាម រួចផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល

ចែករំលែក៖

ភ្នំពេញ ៖ បុរសពីរនាក់ជិះម៉ូតូសណ្ដោងរុឺម៉កសង្ស័យបុកគេស្លាប់ហើយព្យាយាមបើករត់ត្រូវសម្ថកិច្ចដេញតាម រួចក៏ផ្តួលម៉ូតូចោល រត់គេចខ្លួនបាត់ស្រមោលទាំងពីរនាក់តែម្តង។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខកំពង់ចាម1X-8541ដំណើរដោយបុរសពីរនាក់បានបុកជាមួយនឹងមនុស្សនៅម្ដុំឃ្លាំងអង្កររបស់លោកម៉ែនសារុនស្ថិតនៅក្នុងខណ្ឌព្រែកព្នៅដោយសង្ស័យថាស្លាប់ ហើយព្យាយាមរត់គេចខ្លួនតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ទើបបានប្រជាពលរដ្ឋដេញតាមពីកន្លែងកើតហេតុរហូតមកដល់ត្រង់ចំណុចស្ពានបាឡេស្រាប់តែជនសង្ស័យ ផ្ដួលម៉ូតូរុឺម៉កចោលហើយរត់គេចខ្លួនបាត់ស្រមោលទាំង២នាក់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីស្វែងរកម្ចាស់មកធ្វើការដោះស្រាយគ្នាតាមច្បាប់នៅពេលក្រោយ៕

ដោយ៖និន សុភ័ស្ត


ចែករំលែក៖