ភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនវ៉ារថយន្តកុងតឺន័រ រួចចាប់ហ្រ្វ័ងមុខបណ្តាលឲ្យបោកដួលទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩នឹង៥៥នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ទឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញយុវជនម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាប៊ីតពណ៌សរពាក់ស្លាកលេខភ្នំពេញ1IK-4245ដែលធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុ បានវ៉ាជាមួយនឹងរថយន្តកុងតឺន័រមួយគ្រឿងហើយបានចាប់ហ្រ្វ័ងមុខបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនតាមម៉ូតូទៅកាន់មន្ទីរពេទ្យសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ទួលសង្កែទី១ រង់ចាំសាច់ញាតិមកយកត្រឡប់ទៅវិញ៕ដោយ៖និនសុភ័ស្ត