ព័ត៌មានទាន់ហេតុការណ៍៖

បាតុកម្ម​ទូទាំងប្រទេសប្រេស៊ីល​ ទាមទារចោទប្រកាន់ទោស​ប្រធានាធិបតី ដោយសារតែបរាជ័យ ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

ពលរដ្ឋប្រេស៊ីលរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មទាមទារ​ចោទប្រកាន់ទោសប្រធានាធិបតីJair Bolsonaro ដោយសារតែ​មិនអាចទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ​-១៩ បានល្អ ទុកឲ្យពលរដ្ឋជាច្រើនឆ្លងកូវីដ​-១៩។
កាលពីថ្ងៃទី​២៤ខែមករា ចំនួនអ្នកស្លាប់ដោយកូវីដ​-១៩ ក្នុងប្រទេសនេះ កើនឡើងដល់ទៅ២១៦.០០០ នាក់។ បាតុកម្មធ្វើឡើងនៅរដ្ឋចំនួន​២០ ​ក្នុងប្រទេសនេះ​។ មេដឹកនាំបក្សប្រឆាំងលោក Guilherme Boulos បានថ្លែងថា «យើងសូមប្រកាសថា មិនអាចរង់ចំាដល់ឆ្នាំ​២០២២​ ដើម្បីបោះឆ្នោត ប្រធានាធិបតីថ្មីឡើយ។ ដើម្បីការពារអាយុជីវិតពលរដ្ឋ ពេលនេះយើងចាំបាច់ត្រូវតែដកតំណែងប្រធានាធិបតី Jair Bolsonaro ។
នៅព្រឹកថ្ងៃទី​២៤ខែមករា ​មេដឹកនាំបក្សប្រឆាំង​បានដង្ហែក្បួនទាមទារ​ចោទប្រកាន់ទោសប្រធានាធិបតី​Jair Bolsonaro ។ នៅពេលនេះដែរមានពលរដ្ឋ​ជិត​២សែននាក់ បានចុះហត្ថលេខា​លើលិខិតទាមទារចោទប្រកាន់ទោស ​ប្រធានាធិបតី ដោយសារតែមិនអាចទប់ស្កាត់កូវីដ​-១៩ បានល្អ។
ការឆ្លងរាលដាល​កូវីដ​-១៩ បានធ្វើឲ្យពលរដ្ឋប្រេស៊ីល​ជាង​១៥លាននាក់បាត់បង់ការងារធ្វើ ដោយសារតែ​ការឆ្លងកូវីដ​-១៩ ។ មកទល់ពេលនេះប្រេស៊ីលមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅជាង ៨,៨លាននាក់ និងស្លាប់​២១៧ ពាន់នាក់ ។
ការឆ្លងរាលដាលកូវីដ​-១៩​កើនឡើងខ្ពស់​ដោយសារតែប្រធានាធិបតី Jair Bolsonaro ​ប្រឆាំងនឹងច្បាប់បិទប្រទេស​ទប់ស្កាត់កូវីដ​-១៩​ ។ មិនតែប៉ុណ្ណោះ​លោកក៏បានចូលរួមធ្វើបាតុកម្មប្រឆាំង​ច្បាប់បិទប្រទេសទៀតផង។ ទាំងនោះហើយទើបបណ្តាលឲ្យមានអ្នកឆ្លងច្រើនក្នុងប្រទេសនេះ៕ ដោយ៖ធី រីណា

រូបភាព៖Reuters/AFP


ចែករំលែក៖