ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្មែរ ÷ រឿងដូនចាស់ក្នុងឃ្លោក

ចែករំលែក៖

កន្លងយូរមកហើយ ដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្ដីទៅនៅស្រុកឆ្ងាយ។ គាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយ ក៏ជួបនឹងកញ្ជ្រោងមួយ «យាយចាស់! អញអត់អីស៊ី១០ថ្ងៃហើយ យាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេ ព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយ» កញ្ជ្រោងនិយាយ។ ដូនចាស់ឆ្លើយតបថា «សូមអត់ទ្រាំសិន ចៅសម្លាញ់អើយ! ខ្ញុំសុំទៅសួរសុខទុក្ខកូនស្រីខ្ញុំ តែមួយខែទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះ។ ឥឡូវនេះខ្ញុំនៅស្គម​ប៉ុន្ដែដល់ពេលនោះខ្ញុំនឹងធាត់ហើយចៅឯងអាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។

កញ្ជ្រោងនឹកក្នុងចិត្ដថា «មនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គម » ដូចនេះវាក៏ឲ្យដូនចាស់នោះបន្ដដំណើរទៅ។ គាត់ក៏ស្រូតដំណើរដោយនឹកសង្ឃឹម​ថាគ្មានសត្វអ្វីមករារាំង​គាត់ទៀត​ទេ។ គាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងស្រាប់តែស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយគ្រហឹមថា «យាយចាស់អញអត់ចំណីចំនួនម្ភៃថ្ងៃហើយ យាយឯងនឹងត្រូវជាចំណីអញ ភាវនាឲ្យហើយទៅ! » «ឱ!លោកអើយ សូមលែងឲ្យខ្ញុំទៅផង។ លោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញ ដល់ពេលនោះខ្ញុំនឹងធាត់ហើយមានឱជារសឆ្ងាញ់ មិនមែនស្គមកំព្រឹងហើយស្វិតដូចឥឡូវនេះទេ» ដូនចាស់និយាយ។ ឭដូចនោះ ខ្លាក៏បើកផ្លូវឲ្យទៅ។ មិនយូរប៉ុន្មាន ស្ដេចស្វាមួយអន្លើដោយបរិវារឈររាំងផ្លូវគាត់។ ដើម្បីបំភាន់ភ្នែក ស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដ៏ក្រអូបមួយបាច់ទៅគាត់។

បន្ទាប់មកវាពោលទាំងញញឹមថា «យាយបានអញ្ជើញមកទាន់ពេល្អ។ ខ្ញុំមានសេចក្ដីរីករាយនឹងស៊ីយាយឯង។ » ដូនចាស់តបថា «ឱ! លោកម្ចាស់ស្វាអើយ! សូមលោកអត់ទ្រាំបន្ដិចសិន ខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំ ដូចនេះសូមលោកលែងឲ្យខ្ញុំទៅផង! ឥឡូវនេះខ្ញុំស្គមណាស់ ប៉ុន្ដែក្នុងរវាងមួយខែទៀត ខ្ញុំនឹងមានសាច់ធាត់ ហើយពេលនោះ លោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។» ប៉ុន្ដែ ស្ដេចស្វាមិនមែនជាសត្វងាយបោកបាន ដូចជាកញ្ជ្រោងនិងខ្លាទេ។ តាមបញ្ជារបស់ស្ដេចវា ស្វាមួយហ្វូងមកឡោមព័ទ្ធដូចចាស់ ដោយស្រែកចេកចាចផង។ កូនស្វាតូចមួយហ៊ានឡើងលើស្មា ហើយលោតទំលើក្បាលគាត់ទៀត។ គាត់អង្វរពួកស្វាឲ្យបើកផ្លូវឲ្យគាត់ទៅ តែស្ដេចស្វានិយាយថា«ខ្ញុំមិនជឿថាយាយឯង​ពិតជាត្រឡប់មកតាមផ្លូវនេះវិញទេ ល្គឹកណាយាយឯងមិនស្បថនៅចំពោះភ័ក្រ្ដព្រះពុទ្ធនោះ!

ដូនចាស់ក៏ស្បថ ហើយគាត់ក៏បានត្រូវអនុញ្ញាតឲ្យបន្ដដំណើរទៅទៀត។ យូរក្រោយមកគាត់មកដល់ផ្ទះកូនស្រី ហើយរស់នៅទីនោះយ៉ាងសុខសាន្ដ។ ប៉ុន្ដែពេលវាលាកន្លងទៅយ៉ាងលឿន ហើយមួយខែក៏បានកន្លងផុតទៅយ៉ាងឆាប់ណាស់ដែរ។ ពេលនោះ គាត់នឹកដល់ពាក្យសន្យារបស់គាត់ជាមួយនឹងសត្វទាំងឡាយ ហើយក៏ប្រាប់រឿងទាំងអស់នេះដល់កូនស្រីគាត់។ ម្ដាយនិងកូនរួមគំនិតគ្នាហើយធ្វើគម្រោងការមួយ។ កូនស្រីទៅយកផ្លែឃ្លោកធំៗពីរមក។ ឃ្លោកមួយឈ្មោះលង្កា ដែលមានរាងដូចដប ហើយមួយទៀតឈ្មោះចិន្ដា ដែលមានរាងដូចពស់។ កូនស្រីដាក់ដូនចាស់ក្នុងឃ្លោកលង្កាហើយឲ្យឃ្លោក ចិន្ដានាំផ្លូវចេញទៅ។ ដូចនេះឃ្លោកទាំងពីរធ្វើដំនើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែល ស្វា ខ្លា និងកញ្ជ្រោងកំពុតតែរង់ចាំដូនចាស់ដោយស្រេកឃ្លាន។ មកដល់ផ្លូវបំបែកស្វាប្រជុំគ្នាយ៉ាងកុះករខុសពីធម្មតា។

រំពេចនោះ ពួកស្វាលឺសូរសំឡេងចម្លែកកម្យ៉ាង ហើយឃើញឃ្លោកចិន្ដាដើរមកជិត ដោយមានឃ្លោកលង្កាតាមពីក្រោយ។ បើកផ្លូវឲ្យយើង! ឃ្លោកចិន្ដាស្រែកឡូឡើង។ តើពួកអ្នកឯងរាល់គ្នាចង់យ៉ាងម៉េច បានជាមករាំងផ្លូវយើងយ៉ាងនេះ!» ស្ដេចស្វាស្រដីយ៉ាងគួរសមដោយថយក្រោយមួយជំហ៊ាន ពួកយើងកំពុងចាំដូនចាស់ម្នាក់ដែលសន្យាប្រគល់ខ្លួន ធ្វើជាចំណីពេលល្ងាចរបស់យើង។ តើអ្នកបានឃើញគាត់នៅតាមផ្លូវដែររឺទេ?»។ តើយើងមានទាក់ទងអ្វីនឹងដូនចាស់របស់ពួកឯង? ឃ្លោកចិន្ដាតបយ៉ាងក្រអឺត ចៀសចេញពីផ្លូវយើង! រួកឃ្លោកចិន្ដា និងលង្កាបន្ដដំណើរទៅមុខទៀត។ បន្ដិចក្រោយមក ឃ្លោកទាំងពីរមកដល់កន្លែងដែលខ្លាកំពុងរង់ចាំ។ ខ្លាបានសម្ចិត្ដថា មិនស្ដាប់សម្តីមួយមាត់របស់យាយចាស់នេះទៀតឡើយ ហើយប្រុងប្រៀបខ្លួននឹងលោតទៅកាច់ក នឹងហែកគាតស៊ីមួយរំពេច។ ដំបូងសូរសម្លេងមួយបានលាន់ឮពីចម្ងាយបន្ទាប់មកខ្លា​ក៏ឃើញឃ្លោកចិន្ដារមៀលមករកវា​ដោយមានឃ្លោកលង្កា​តាមពីក្រោយផង។

បើកផ្លូវឲ្យយើង! ឃ្លោកចិន្ដាស្រែកឡើង។ ខ្លាស្រលាំងកាំង គិតអ្វីមិនយល់ក៏ចៀសផ្លូវ។ រួចភ្លាមនោះវានឹកឃើញក៏ពោលឡើងថា «អូ!តើអ្នកបានឃើញយាយចាស់ដែលបាន​សន្យា​ប្រគល់​ខ្លួនធ្វើជាចំនីពេលល្ងាចរបស់ខ្ញុំទេ?។ តើយើងមានទាក់ទងអ្វីនឹងដូនចាស់ពួកអែង ឃ្លោកចិន្ដានិយាយតប ចៀសចេញផ្លូវយើង! ឃ្លោកចិន្ដា និងឃ្លោកលង្កាក៏ធ្វើដំនើរហួសទៅ។ ពេលនោះកញ្ជ្រោងបានលឺសូរយានចំលែកដែលរមៀលកាត់ព្រៃ វាមានការសង្ស័យណាស់។ វាក៏យកដុំថ្មស្រួចមកដាក់កណ្ដាលផ្លូវ។ រួចវាទៅពួនចាំលបមើលពីក្រោយឈើមួយដើម។ បន្ដិចមកឃ្លោកចិន្ដានិងលង្ការមៀលមកដល់ទីនោះយ៉ាងលឿន។ ដូចចាស់អស់សំណើចខ្លួនឯងនិងដំនើរដ៏ប៉ិនប្រសប់ដែលឃ្លោកទាំងពីរបានបំភាន់ភ្នែកពួកសត្វ ស្វានិងខ្លា។

«ក្រាក់! » ឃ្លោកលង្កាទង្គិចនិងដុំថ្មស្រួច ហើយបែករយះពីលើដល់ក្រោម គ្រវាត់ដូនចាស់ចេញមកលើផ្លូវ។ ពេលនោះស្វានិងខ្លាបានយល់កលល្បិចដែលគេបោកវា ហើយដេញតាមមកដែរ។ ចំពេលដែកញ្ជ្រោងរៀបចំស៊ីដូនចាស់តែម្នាក់ឯង សត្វឯទៀតនោះក៏រត់មកដល់ដែរ។ ដូនចាស់ដឹងថា ពេលនេះគាត់រត់គេចមិនរួចពីក្រញាំសត្វទាំងនេះទេ តែគាត់មិនទាន់អស់សង្ឃឹមឡើយ​គាត់សុខចិត្ដអោយសត្វទាំងនោះស៊ីគាត់ ប៉ុន្ដែគាត់ស្រដីថា «បើយកល្អ អាំងខ្លួនខ្ញុំសិនធ្វើយ៉ាងនេះទើបមានរស់ជាតិឆ្ងាញ់។ លឺដូចនោះ ពួកសត្វនាំគ្នាបង្កាត់ភ្លើងអាំងគាត់។ «អុសត្រូវក្លាយជាផេះសិន មុនពេលដាក់ខ្ញុំអាំង ហើយខ្ញុំនឹងឆ្អិនមួយរំពេច» ដូនចាស់និយាយដោយសង្ឃឹមថា នឹងអាចពន្យាពេលឲ្យបានយូរបន្ដិច។ទីបំផុត ពេលអុសក្លាយជាផេះហើយ ដូនចាស់យកថ្មមួយដុំមកដាក់កន្ដាលភ្នក់ភ្លើងរួចក៏អង្គុយពីលើ។ ដោយគិតថា ចំណីរបស់ខ្លួនមុខជាបានឆ្អិនក្នុងពេលឆាប់ៗនោះ សត្វទាំងអស់ក៏បិទភ្នែកហើយសូត្រធម៌តាមទំនៀមទម្លាប់។ ភ្លាមនោះដូនចាស់ក្ដាប់ផេះមួយដៃ រួចបាចចំមុខសត្វទាំងនោះ ធ្វើឲ្យពួកវាមើលអ្វីមិនឃើញ។ គាត់ក៏រត់ចេញពីក្នុងព្រៃ ហើយបានរួចខ្លួន មុនពេលពួកវាអាចបើកភ្នែកមើលបានវិញ។

ពោរពេញដោយកំហឹង ហើយថែមទាំងឃ្លានខ្លាំងផង កញ្ជ្រោងខ្លានិងស្ដេចស្វានាំគ្នារកដូនចាស់គ្រប់ទិសទី ប៉ុន្ដែពួកនោះលែងឃើញគាត់ទៀតហើយ៕

ស្រាវជ្រាវតាមការនិទានពីឯកសារនានាដោយ÷ចៅតាជេត


ចែករំលែក៖