ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង៖ គាំទ្រនិងរីករាយបន្ដសហប្រតិបត្តិការ រាល់ដៃគូរឯកជន ដែលកំពុងវិនិយោគគ្រប់វិស័យ នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖  លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ មានទំហំសរុប ៣៥.០០០ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ។ ដែលមានទីតាំងក្នុងទីក្រុងកោះពេជ្រ ខណ្ឌចំការមន នៅរសៀលថ្ងៃទី ២៥ មករា ឆ្នាំ២០២១ ។ 

     ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប ព្រីនស៍ សឃ្វែរ (ហៅថា Prince Square) នេះ មានវត្តមាន លោកឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញ លោក Cliff Koh អភិបាលប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Khong Weng Fook អភិបាលមិនប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប តំណាងក្រុមហ៊ុនម៉ាកល្បីៗ និងអ្នកជំនាញក្នុងវិស័យជាច្រើនរូបទៀត។

     លោក Steven Wang នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឡើងថ្លែងថា Prince Squareបានវិនិយោគធនធានមនុស្ស និងធនធានសម្ភារៈជាច្រើនតាំងពីដំណាក់កាលដំបូងនៃការធ្វើផែនការ ហើយទាក់ទងនឹងប្រតិបត្តិការនិងការគ្រប់គ្រងអាជីវកម្ម យើងក៏មានផងដែរនូវគំរូអាជីវកម្ម និងក្រុមប្រតិបត្តិការអាជីវកម្មជំនាញលំដាប់កំពូលលើពិភពលោក។ Prince Square បានទទួលការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋានចាប់តាំងពីគម្រោងត្រូវបានបង្កើតឡើងមកម្ល៉េះ។ ថ្នាក់ដឹកនាំនៃសាលារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្នុងកំឡុងពេលសាងសង់ ដែលធ្វើឲ្យគម្រោងនេះអាចទទួលបានជោគជ័យនិងសម្រេចតាមគម្រោងផែនការយ៉ាងរលូន។

ការទទួលបានជោគជ័យលើប្រតិបត្តិការអាជីវកម្មរបស់គម្រោង Prince Square ជាដំណើរការរយៈពេលវែងមួយ ហើយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនេះគ្រាន់តែជាជំហានដំបូងប៉ុណ្ណោះ។ យើងសង្ឃឹមថា នៅក្នុងដំណើរការប្រតិបត្តិការអាជីវកម្មនាពេលខាងមុខ យើងនឹងអាចទទួលបាននូវការគាំទ្រពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធផងដែរ។

លោក Steven Wang បានបន្តផងដែរថា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប រំពឹងថា Prince Square និងក្រុមហ៊ុនដៃគូសហការជាយុទ្ធសាស្ត្រទាំងអស់ អាចបំពេញគុណសម្បត្តិឲ្យគ្នាទៅវិញទៅ មក  អាចចែករំលែកនូវធនធាន និងស្វែងរកការអភិវឌ្ឍរួមគ្នា ដើម្បីទទួលបានសមិទ្ធផលដ៏គាប់ប្រសើរ ហើយនិងធ្វើឲ្យ Prince Square ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់កំពូលនៅភ្នំពេញ និងជាចំណុចកំណើនវិនិយោគថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មរបស់កម្ពុជា។

    លោកឃួង ស្រេង  អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថាPrinceSquare  គឺជាគម្រោងពាណិជ្ជកម្មដំបូងរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ដូច្នេះ ការនាំចូលឧបករណ៍ទំនើបៗ ទាន់សម័យ និងការបើកអាជីវកម្ម ដែលមានការសម្រិតសម្រាំងផលិតផលម៉ាកល្បីៗលំដាប់ពិភពលោក ។

ក្នុងគំរោងផ្សារទំនើប Prince Square នេះគឺជាជម្រើសអាជីវកម្មដ៏គាប់ប្រសើរ ដែលសមស្របបំផុតទៅនឹងតម្រូវការនិងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ហើយក៏ជាយុទ្ធសាស្ត្រមួយនៃការទាក់ទាញកៀរគរចំនួនភ្ញៀវទេសចរណ៍អន្តរជាតិ និងវិនិយោគិនបរទេស ឱ្យចូលមកស្នាក់នៅ-បណ្តាក់ទុនធ្វើធុរកិច្ចនៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង។

     ក្នុងនាម រដ្ឋបាលរាជធានីភ្នំពេញ លោកសូមចូលរួមគាំទ្រ  និងជំរុញលើកទឹកចិត្តចំពោះការបណ្តាក់ ទុនវិនិយោគ ធ្វើអាជីវកម្ម-សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងសហគ្រិនភាព កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឱ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយភាពទាក់ទាញ និងផ្តល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ស្របតាមក្របខ័ណ្ឌពាណិជ្ជកម្មសកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍិខ្ពស់។

      ក្នុងឱកាសនោះ លោកឃួង ស្រេង និងគណៈគ្រប់គ្រងនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុបបានចាក់ខ្សាច់មាសជាបណ្តើរ ហើយតួអក្សរ “Prince Square” ពណ៌មាសក៏បានលេចរូបរាងឡើងជាបណ្តើរៗផងដែរ។ ក្នុងពេលវេលាដ៏វិសេសវិសាលនេះ កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងក្រុមហ៊ុនដៃគូសហការ និង Prince Square បានសម្រេចជាផ្លូវការ ដើម្បីរួមគ្នាបង្កើតជាអច្ឆរិយថ្មីនៃពាណិជ្ជកម្មនៅភ្នំពេញ។

       លោក  Steven Wang បានបញ្ជាក់ថា៖ គម្រោង Prince Square មានទំហំសរុប ៣៥០០០ម៉ែត្រការ៉េ ដែលមានផែនការសាងសង់ជាផ្សារទំនើបកម្ពស់៤ជាន់ និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដោយរួមបញ្ចូលនូវផ្សារទំនើបខ្នាតធំ រោងកុនអន្តរជាតិ ក្លឹបហាត់ប្រាណ ភោជនីយដ្ឋានអន្តរជាតិ សួនកម្សាន្តកុមារ និងហាងសម្លៀកបំពាក់ទាន់សម័យ ។

ដោយមានក្រុមការងារជំនាញសម្រាប់ប្រតិបត្ដិការគ្រប់គ្រង និងមានគំរូអាជីវកម្មលំដាប់កំពូលលើពិភពលោក រួមនឹងការសហការជាមួយក្រុមហ៊ុនម៉ាកល្បីៗ Prince Square នឹងក្លាយជាផ្សារទំនើបដែលមានកេរ្តិ៍ឈ្មោះល្បីបំផុតនៅភ្នំពេញ ហើយការទទួលបានជោគជ័យនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនៃគម្រោងផ្សារទំនើប Prince Square ជាសញ្ញាសម្គាល់នូវការបោះជំហានដ៏ធំមួយទៀតក្នុងការឆ្ពោះទៅរកការបើកសម្ពោធជាផ្លូវការរបស់គម្រោង Prince Square។

នាថ្ងៃខាងមុខ Prince Square នឹងសហការជាមួយដៃគូរបស់ខ្លួន ដើម្បីរួមគ្នាបង្កើតនូវគោលដៅអាជីវកម្មកាន់តែធំ និងសម្រេចភាពជោគជ័យក្នុងការបង្កើនប្រាក់ចំណេញ ក៏ដូចជាផ្តល់ទីតាំងថ្មីមួយសម្រាប់ការធ្វើដំណើរនិងទិញទំនិញរបស់ប្រជាជនក្នុងទីក្រុងភ្នំពេញ៕ដោយ៖ សំរិត


ចែករំលែក៖