ខេត្តបន្ទាយមានជ័យ៖ យ៉ាងហោចណាស់ក៏មនុស្ស០២នាក់បានស្លាប់និង០១នាក់ទៀតរងបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចរណ៍០២ករណីដោយឡែកពីគ្នា នៅយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ ក្នុងនោះករណីទី០១នៅក្រុងសិរីសោភ័ណនិងមួយករណីទៀតនៅស្រុកភ្នំស្រុក ។
លោក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា៖នៅវេលាម៉ោង០៦និង៤៥នាទីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៦ទល់មុខឈៀងខាងលិចការាសសាំង ស៊ីម ឃីម ចម្ងាយ៥០ម៉ែត្រ ក្នុងភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ មានករណីគ្រោះថ្នាក់ចរាចរណ៍ សង្ស័យអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅ ពាក់ស្កាកលេខ1Q-5412ប.មានជ័យ ជិះទៅបុកគោយន្តកន្ត្រៃពីក្រោយក្នុងទិសដៅស្របគ្នាពីកើតទៅលិច បណ្តាលឲ្យដួលខ្ទាតចូលទ្រូងថ្នល់ ហើយសង្ស័យរថយន្តតូចមិនស្គាល់ម៉ាកបុកជាន់បន្ថែម បណ្តាលឲ្យ០១នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និង០១នាក់ទៀតរងរបួសធ្ងន់ ។ជនរងគ្រោះទាំងអ្នកស្លាប់និងអ្នករងរបួសធ្ងន់មិនទាន់ស្គាល់អត្តសញ្ញាណនោះឡើយ ចំពោះអ្នកគោយន្តកន្ត្រៃក្រោយកើតហេតុបើកគេចខ្លួនបាត់ ។
លោកនាយការិយាល័យនគរបាលចរាចរណ៍ បានបន្តថា៖ នៅវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៤ខែមករានេះដែរ នៅត្រង់ចំណុចលើខ្នងអាងពន្លៃ ស្ថិតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងបង្កដោយខ្លួនឯង ។
អ្នកដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់នេះ ឈ្មោះ ប្រែង ភារុណ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក បើកម៉ូតូម៉ាកវេវអុី ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ-ទឹកប៊ិច គ្មានស្លាកលេខ បើកក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនសង្ស័យស្រវឹង ដល់ចំណុចកើតហេតុផ្លូវកោងបានរេចង្កូតមកឆ្វេងដៃបុកបង្គោលចំណាំងផ្លាតក៏ដួលបោកក្បាលនឹងបង្គោលចំណាំងផ្លាតស្លាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែងកើតហេតុ ។ទាំង០២ករណីនេះ ម៉ូតូខូចធ្ងន់ទាំង០២គ្រឿង មនុស្ស០២នាក់ស្លាប់ប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណីចំណែកអ្នករងរបួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ៕ដោយ៖វណ្ណា