ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីកូរ៉េខាងជើងមួយរូបទៀតហើយភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង

ចែករំលែក៖

មន្ត្រីការទូតកូរ៉េខាងជើងមួយរូបបានភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ខណៈកំពុងតែកាន់តំណែងជា ឯកអគ្គរដ្ឋទូតប្រចាំនៅប្រទេសគុយវ៉ែត។
សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយនៅថ្ងៃទី ២៥ខែមករាថា មន្ត្រីដែល​ភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង ឈ្មោះ​ Ryu Hyun-woo និងគ្រួសារបានទៅដល់កូរ៉េខាងត្បូងហើយ ។ ព័ត៌មានលម្អិតស្តីពី​ពេលវេលា ទៅដល់កូរ៉េខាងត្បូង ក៏ដូចជាមូលហេតុមិនត្រូវបានលាតត្រដាងនោះទេ។​
តាមប្រភពព័ត៌មាន​ ​លោក Ryu Hyun-woo អាចភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងតាំងពីខែកញ្ញាឆ្នាំ ២០១៩មកម៉្លេះ​ គឺក្រោយពេល​២ខែ ដែលលោក​Jo Song-gil ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសអុីតាលី បានភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង។ លោក​Jo Song-gil បានបាត់ខ្លួនកាលពីឆ្នាំ​២០១៨​ក្រោយមកត្រូវបានគេឃើញរស់នៅកូរ៉េខាងត្បូង។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក ​Ryu Hyun-woo គឺជាកូនប្រសារបស់លោកJon Il-chun ​ធ្លាប់កាន់តំណែងជា​ប្រធានការិយាល័យ​៣៩ ដែលគេហៅថា​(ទូដែកឯកជន)របស់មេដឹកនាំកូរ៉េខាងជើង ។ ការិយាល័យ​៣៩​​គ្រប់គ្រង មូលនិធិសម្ងាត់ ប្រមូលទិញវត្ថុមានតម្លៃ ។
មូលហេតុដែលលោក​ ​Ryu Hyun-woo ភៀសខ្លួនទៅរស់នៅកូរ៉េខាងត្បូង គឺដើម្បីស្វែងរកអនាគតល្អប្រសើរសម្រាប់កូនៗ​។ មន្ត្រីចារកិច្ចកូរ៉េខាងត្បូងបដិសេធ​លើកឡើងពីការភៀសខ្លួនខាងលើ​៕ ដោយ៖ធី រីណា

រូបភាព៖Yonhap


ចែករំលែក៖