ព័ត៌មានទាន់ហេតុការណ៍៖

“វិទ្យាសាស្ត្រ​បរិស្ថាន” បានក្លាយជាប្រធានបទថ្ងៃទី១ នៃកម្មវិធីមហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជា​លើក​ទី​១៦

ចែករំលែក៖

ភ្នំពេញ៖ មហោស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ នាថ្ងៃទី១ បាន​បញ្ចប់​ទៅ ក្រោម​ប្រធានបទ “វិទ្យាសាស្ត្រ​បរិស្ថាន” ដោយ​ឆ្នាំ​នេះ​ជា​លើក​ទី​១ហើយ​ដែល​កម្មវិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​តាមប្រព័ន្ធអនឡាញជំនួសវិញ ដោយសារវិបត្តិនៃជំងឹកូវីដ-១៩។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្ដល់កិត្តិយសថ្លែងសន្ទរកថាស្វាគមន៍ និង​បើក​កម្មវិធី ដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកទឹកចិត្ត​ក្មួយៗសិស្សានុសិស្ស ដែល​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ឱ្យ​ត្រង់ត្រាប់​ស្តាប់ ទទួលយក​ទស្សនទាន​ថ្មី​ៗ និងឱកាស​នានា​ពី​ការ​អប់រំ​ស្ទែមដែលជាមុខវិជ្ជាដ៏មានសក្ដានុពលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត​។ លោកបាន​វាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំ​មហោស្រពពិព័រណ៍វិទ្យាសាស្រ្តកម្ពុជាប្រចាំឆ្នាំ ដែលជាពិព័រណ៍ស្ទែមនៅលើបណ្ដាញអនឡាញដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា។ ព្រមទាំងបានថ្លែងអំណរគុណចំពោះម្ចាស់ឧបត្តម្ភ និងដៃគូសហការទាំងអស់ ដែលជួយឱ្យព្រឹត្តិការណ៍នេះអាចប្រព្រឹត្តទៅបាន។ តាមរយៈពិព័រណ៍ដូចនេះ ប្រទេសកម្ពុជាបានចូលរួមជាមួយពិភពលោក ក្នុងការរួមចំណែកកសាងអនាគតប្រកបដោយចីរភាព។

សូមជម្រាបថា សម្រាប់ថ្ងៃទី១នេះ មានកម្មវិធីផ្សេងៗដូចជា ការអប់រំអំពីអ្វីដែលហៅថាវិទ្យាសាស្ត្របរិស្ថាន ការសម្តែងសិល្បៈ ការធ្វើបទបង្ហាញ កម្មវិធីប្រកួតប្រជែង Smart STEM Challenge សិក្ខាសាលាស្ដីពី “អាជីពក្នុងវិស័យវិទ្យាសាស្ត្របរិស្ថាន” និងការទស្សនាខ្សែភាពយន្តផ្សេងៗផងដែរ ដែលសុទ្ធសឹងមានអត្ថប្រយោជន៍​សម្រាប់យុវជនក្នុងការស្វែងយល់ និងឈោងចាប់ឱកាស៕

ដោយ៖ សិលា


ចែករំលែក៖