ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកមានរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជាស្ត្រីលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ចែករំលែក៖

លោកស្រី Janet Yellen អតីតប្រធានមូលនិធិ Fed ត្រូវបានព្រឹទ្ធសភាអាមេរិកបោះឆ្នោតអនុម័ត​ឲ្យកាន់តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក្លាយជាស្ត្រីដំបូងគេបង្អស់ដែលកាន់តំណែងដ៏សំខាន់មួយនេះ។ នៅថ្ងៃទី​២៥ខែមករា លោកស្រីទទួលបានការគាំទ្រខ្ពស់ក្នុងការបោះឆ្នោតអនុម័តនៅព្រឹទ្ធសភា​ក្លាយជាស្ត្រីទីមួយកាន់តំណែងក្រសួងហិរញ្ញវត្ថុអាមេរិក។ សារព័ត៌មាន CNBC បានផ្សាយថា លោកស្រីJanet Yellen ដើរតួនាទីយ៉ាងសំខាន់ក្នុងរដ្ឋាភិបាលរបស់ប្រធានាធិបតី ចូ បៃឌិន ។ តំណែងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុគឺដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​បន្ទាប់ពី​កូវីដ-១៩ ។ នៅក្នុងការបោះឆ្នោតនៅព្រឹទ្ធសភា លោកស្រី​Janet Yellen ទទួលបានការគាំត្រដល់ទៅ​៨៤សំឡេង​និងប្រឆាំង​តែ​១៥ ប៉ុណ្ណោះ​។ លោកស្រីមានបទពិសោធន៍នៅក្នុងការដឹកនាំ Fed ​យ៉ាងជោគជ័យ​រយៈពេល​៤ឆ្នាំ ក្នុងរដ្ឋការរបស់អតីតប្រធានាធិបតី អូបាម៉ា​។ កាលពីសប្តាហ៍កន្លងមក លោកស្រី Janet Yellen ​បានឆ្លងផុតការសួរនាំពីគណៈកម្មការហិរញ្ញវត្ថុនៅព្រឹទ្ធសភា ហើយទទួលបានការអនុម័តយល់ព្រមឲ្យលោកស្រីកាន់តំណែងក្រសួងហិរញ្ញវត្ថុដោយមានសំឡេងគាំទ្រ​១០០% ។ ក្នុងតំណែងថ្មី លោកស្រី​Janet Yellen នឹងដើរតួនាទីយ៉ាងសំខាន់​​ ក្នុងការជំរុញគម្រោងចំណាយប្រាក់ ​១៩០០លានដុល្លារ ដែលលោកបៃឌិនបានស្នើឡើងដើម្បីដំណើរការអភីវឌ្ឍសេដ្ឋកិច្ច​ជាតិ។ ការកាន់តំណែង​ហិរញ្ញវត្ថុ​របស់លោកស្រី​Janet Yellen ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពី​ក្រុមអ្នកវិនិយោគ៕ ដោយ៖ធីរីណា

(រូបភាព៖Bloomberg)


ចែករំលែក៖