អន្តរជាតិ៖ បើតាមការអះអាងពីអ្នកនាំពាក្យក្រសួងការបរទេសចិនលោកZhao Lijian បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទទី២៥ខែមករាឆ្នាំ២០២១ថា សហរដ្ឋអាមេរិកជារឿយៗ តែងតែបញ្ជូននាវា ក៏ដូចជាយន្តហោះរបស់ខ្លួន ចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីបង្អួតសាច់ដុំហើយនេះគឺមិនល្អសម្រាប់សន្តិភាពនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទទី២៥ មករា។
លោក Zhao Lijian ជាការឆ្លើយតបនឹងសកម្មភាពខាងលើនេះ បានថ្លែងបន្តថា៖ «សហរដ្ឋអាមេរិកតែងតែបញ្ជូនយន្ដហោះនិងនាវាទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបង្ហាញសាច់ដុំរបស់ខ្លួន។ ប៉ុន្តែទាំងនេះ គឺមិនអំណោយផលសោះឡើយ ចំពោះសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់នោះទេ»។
មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បន្តថា ក្រុមនាវាដឹកយន្តហោះអាមេរិកមួយក្រុមដែលដឹកនាំដោយនាវាដឹកយន្តហោះចម្បាំងអាមេរិក USS Theodore Roosevelt អមដោយនាវាចម្បាំងចំនួន ៣គ្រឿងទៀត បានចូលដល់សមុទ្រចិនខាងត្បូង កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅនេះដើម្បីលើកកម្ពស់សិទ្ធិសេរីភាព នៃសមុទ្រ ពោលគឺតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ បន្ទាប់ពីលោក ចូ បៃឌិន ចូលកាន់តំណែងប្រធានាធិបតីសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ខណៈដែលប្រទេសវៀតណាម ម៉ាឡេស៊ី ហ្វីលីពីន ប្រ៊ុយណេនិងតៃវ៉ាន់ សុទ្ធតែអះអាងថាខ្លួនមានចំណែកទាមទារយកសមុទ្រចិនខាងត្បូងនោះ ចិនតែងតែត្អូញត្អែរម្តងហើយម្តងទៀត អំពីវត្តមានរបស់នាវាកងទ័ពជើងទឹកអាមេរិក ដែលបានចូលទៅកៀកកោះដែលខ្លួនកាន់កាប់នៅសមុទ្រចិនខាងត្បូង៕ដោយ៖ស តារា