ភ្នំពេញ៖ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្ដមសេនីយ៍ វង្ស ពិសេន នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសកាត់បៀវត្សរយៈពេល៧ខែ ជូនទៅក្រសួងសុខាភិបាលកម្ពុជា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។
ចំពោះការប្រកាសរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន នេះបានធ្វើឡើងភ្លាមៗបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសបន្តកាត់បៀវត្សរយៈពេល៧ខែទៀត ជូនទៅក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ ការកាត់បៀវត្សរបស់សម្តេចតេជោ ហ៊ុន សែនរយៈពេល៧ខែទៀតនេះ គឺចាប់ពីខែកុម្ភៈ ដល់ ខែសីហា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះ សម្តេច ឯកឧត្តមលោកជំទាវ លោក លោកស្រីទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយ ដល់ការងារប្រយុទ្ធប្រឆាំងកូវីដ-១៩ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕
ដោយ៖ស តារា