ភ្នំពេញ, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទទួលលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាត ឲ្យលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃ សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងអបអរសាទរចំពោះលោកស្រីដែល ទទួលបានការតែងតាំងជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការត្រៀមផ្តល់កិច្ចសហការពេញលេញដល់លោកស្រីក្នុងការបំពេញបេសកកម្មឱ្យទទួល បានជោគជ័យ ដើម្បីធ្វើអោយទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកចំរើនបន្ថែមទៀត។ ឯកឧត្តម បាន រំលឹកពីប្រវត្តិនៃទំនាក់ទំនង វប្បធម៌ និងអរិយធម៌ដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរបស់ ប្រទេសទាំងពីរ ជាពិសេស ប្រទេសឥណ្ឌាគឺជាប្រទេសប្រជាធិបតេយ្យទី១ ដែលទទួលស្គាល់សាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្រោយការដួលរំលំនៃរបបខ្មែរក្រហម។ ក្នុងឱកាសនេះដែរ លោក ក៏បានជំរុញឱ្យមាន ការរៀបចំព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រកម្ពុជា នៅប្រទេសឥណ្ឌា ក្នុងពេលវេលាសមស្រប ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។
លោកឧបនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះរដ្ឋាភិបាលឥណ្ឌាដែលសម្រេចបានការផលិត វ៉ាក់សាំងប្រឆាំងជំងឺកូដ -១៩ ចំនួនពីរប្រភេទ ហើយដែលបច្ចុប្បន្ននេះ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុង ដំណើរការកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកផងដែរអំពីលិខិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើជូន ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា ម៉ូឌី ក្នុងការផ្តល់ជំនួយជា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា លោកស្រី មានកិត្តិយស និង សេចក្តីរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ហើយលោកជំទាវ នឹងខិតខំធ្វើយ៉ាង ណាឱ្យទំនាក់ទំនងដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ កើនឡើងមួយកម្រិតថែមទៀត និងប្រកបដោយ ផ្លែផ្កា នៅក្នុងអាណត្តិការទូតរបស់លោកស្រី។
សូមអាននូវខ្លឹមសារទាំងស្រុងចំពោះលទ្ធផលជំនួបរវាងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រីបណ្ឌិត Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃ សាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៕
ដោយ៖ សុខ ខេមរា