ភ្នំពេញ៖ ថ្ងៃទី 25 មករា 2021 ក្រុមហ៊ុនសែលកាត បានប្តេជ្ញាគាំទ្រដល់កម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ ដើម្បីជ្រើសរើសកីឡាករឈានទៅប្រកួតបន្តនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដែលនឹងត្រូវធ្វើឡើងនាឆ្នាំនេះ នៅឯប្រទេសវៀតណាម។
ក្រុមហ៊ុនសែលកាត បានប្រកាសជាផ្លូវការនូវការប្រកួតជ្រើសរើសកីឡាករជើងឯកដែលនឹងត្រូវហ្វឹកហាត់ដើម្បីត្រៀមខ្លួនធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅក្នុងខែវិច្ឆិកាខាងមុខនេះ។ការប្រកួតជើងឯកនេះ ត្រូវបានរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរ ក្រោមការណែនាំរបស់ក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រុមហ៊ុនសែលកាតកាលពីឆ្នាំកន្លងទៅ នៃកិច្ចសហការរយៈពេល ២ ឆ្នាំរបស់ខ្លួនជាមួយនឹងស្ថាប័ន ONE Championship មានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលជាស្ថាប័នផ្នែកកីឡា និងការកម្សាន្តដ៏ធំបំផុតមួយនៅលើពិភពលោក។ ពិធីបើកការប្រកួត ត្រូវបានប្រព្រឹត្តិទៅ ដោយមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម តែម មឿន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត។ លោក វ៉ាតសុន បានថ្លែងថា ទស្សនៈវិស័យរបស់សមាគមកីឡាខ្មែរ គឺដើរទន្ទឹមគ្នាយ៉ាងល្អជាមួយនឹងសែលកាត ដែលជាក្រុមហ៊ុនជាមោទនភាពជាតិខ្មែរ និងជាក្រុមហ៊ុនទូរគមនាគមន៍ចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលគ្រប់គ្រងដោយជនជាតិខ្មែរ១០០%។
លោកវ៉ាតសុន បានមានប្រសាសន៍ឱ្យដឹងទៀតថា៖ “ខណៈដែលក្រុមសែលកាតចូលរួមធ្វើជាតំណាងឱ្យគុណតម្លៃ និងកេរ្តិ៍ដំណែលប្រពៃណីខ្មែរ វាពិតជាប្រសើរណាស់ក្នុងការជួយដល់វិស័យគុនខ្មែរយើង ដែលកីឡានេះ គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រដ៏រុងរឿង និងជាកីឡាដ៏ជាទីមោទនបំផុតមួយសម្រាប់ប្រទេសកម្ពុជា” ។
ក្រុមហ៊ុន សែលកាត និងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ពិតជាមានមោទនភាពបំផុត សម្រាប់ឱកាសក្នុងការចូលរួមគាំទ្រដល់កីឡាករខ្មែរយើង ដែលពួកគេនឹងលើកទង់ជាតិខ្មែរបង្ហាញ
ប្រកបដោយភាពអង់អាចក្លាហាននៅក្នុងការព្រឹត្តិការណ៍ប្រកួតខាងមុខនេះ។ លោក ចាន់ រតនា ដែលជាកំពូលកីឡាករដ៏ឆ្នើមប្រចាំឱ្យកម្ពុជា និងជាទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាតផងនោះ ក៏បានចូលរួមថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួតនេះ ដោយបានគូសបញ្ជាក់ថា គុនខ្មែរ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រូបគាត់ ទាំងផ្នែកអាជីព និងការកសាងអនាគតផ្ទាល់ខ្លួន ពោលគឺបានជួយរូបគាត់ឱ្យទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងការប្រកួតអន្តរជាតិ ក្នុងនាមជាកីឡាករប្រយុទ្ធរបស់ONE Championship ។
កម្មវិធីប្រកួតជើងឯកនេះ នឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅឯពហុកីឡាដ្ឋានស្តាតចាស់ (មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ) នារាជធានីភ្នំពេញ ដោយក្នុងនោះ នឹងមានការចូលរួមរបស់កីឡាករកំពូលៗរបស់ខ្មែរយើង នៅក្នុងកម្រិតទម្ងន់ផ្សេងៗគ្នាផងដែរ៕